
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple នឹងនាំយកនូវប្រព័ន្ធកាមេរ៉ាថ្មី Tetraprism Telephoto Lens ដែលធ្លាប់បានប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន iPhone 15 Pro Max មកប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro។ ទាក់ទងនឹងព័ត៌មានថ្មីនេះ មានរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងពឹងផ្អែកទៅលើអ្នកផ្គត់ផ្គង់ដូចទៅនឹងអ្វីដែលខ្លួនបានធ្វើនៅក្នុងឆ្នាំ 2023 ផងដែរ។
តាមការបញ្ជាក់របស់សារព័ត៌មាន The Elec ដែលជាប្រភពជឿជាក់មួយនៅប្រទេសកូរ៉េខាងត្បូងនោះ បានអោយដឹងថា ក្រុមហ៊ុន LG Innotek នឹងផ្គត់ផ្គង់នូវ Modules សម្រាប់ស្តុកដំបូងសម្រាប់ស្មាតហ្វូន iPhone 16 Pro ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកញ្ញាខាងមុខនេះ។ សម្រាប់កាមេរ៉ា Telephoto នេះ គឺនឹងប្រើប្រាស់នូវ Folded Glass Structure នៅខាងក្រោម Lens ដេលក្រុមហ៊ុន Apple ហៅថា Tetraprism Technology។ ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max គឺមានបច្ចេកវិទ្យា 5x Optical Zoom និង 25x Digital Zoom។

សម្រាប់វត្តមានរបស់ iPhone 16 Pro នៅឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រើប្រាស់នូវ 3D Sensor-Shift Optical Image Stabilization សម្រាប់ Telephoto lens នៅក្នុង Pro Max។ ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអ្នកផ្គត់ផ្គង់បន្ទាប់ជាច្រើនទៀតដូចជា Foxconn និង Cowell ក្នុងការផលិតទៅលើ Folded Zoom Module ដើម្បីកាត់បន្ថយទៅលើតម្លៃផងដែរ។ ទន្ទឹមនឹងនេះ ផងដែរ ក្រុមហ៊ុន Sharp នឹងមិនផ្គត់ផ្គង់នូវកាមេរ៉ា Modules ទៅលើ iPhones ណាមួយនោះទេនៅក្នុងឆ្នាំនេះ៕
