ស្វែងរកពួកយើង:

iPhone 16 Series នឹងបំពាក់នូវកាមេរ៉ាខ្លាំងជាងជំនាន់មុន

ដោយ

Koun Jab Luffy

23 សីហា 2024 06:06 ព្រលប់

អាន 3 នាទី

Article image
ការបង្ហាញវត្តមានផ្លូវការណ៍របស់ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series របស់ Apple កាន់តែគៀគិតចូលមកដល់ហើយ ដែលអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។ ស្របពេលនៃការទន្ទឹងរងចាំការបង្ហាញវត្តមានមកដល់ ឃើញថា នៅតែមានប្រភពព័ត៌មាន និងរបាយការណ៍ថ្មីបានធ្វើការចេញផ្សាយជាបន្តបន្ទាប់ពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iOS ឆ្នាំ 2024។
នៅថ្ងៃនេះដែរ ក៏មានការទម្លាយចេញនូវលក្ខណៈសម្បត្តិនៃប្រព័ន្ធកាមេរ៉ារបស់ iPhone 16 បន្ថែមទៀត។ តាមរយះការទម្លាយចេញពី AppleInsider បានបង្ហើបថា នៅលើម៉ូដែល iPhone 16 និង iPhone 16 Pro គឺនឹងមានការបង្កើនទៅលើសមត្ថភាពប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូកាន់តែល្អប្រសើរជាងជំនាន់ iPhone 15 និង iPhone 15 Pro បច្ចុប្បន្ន។
Article image
ប្រភពដដែលនេះ បានបញ្ជាក់ថា iPhone 16 Pro នឹងទទួលបានការបំពាក់ជាមួយសែនស័រកាមេរ៉ា Ultra-wide ថ្មីដែលមានទំហំដល់ 48MP ជំនួសឲ្យ 12MP ដែលប្រើនៅលើ iPhone 15 Pro ហើយសម្រាប់ម៉ូដែល iPhone 16 វិញ ក៏នឹងទទួលបានការបំពាក់នូវកម្មវិធីកាមេរ៉ាថ្មីដែលភ្ជាប់នូវមុខងារ macro photography និងមុខងារ all-new-image format ផងដែរ។ សម្រាប់សែនស័រគោលរបស់ iPhone 16 គឺនឹងរក្សាទំហំដូចគ្នានឹងជំនាន់ iPhone 15 ដែរជាមួយទំហំ 48MP aperture f/1.6។
ចំនែកសែនស័រ Ultra-wide វិញ គឺមាន aperture ធំដល់ f/2.2 ជំនួសឲ្យ f/2.4 បច្ចុប្បន្ន ដែលនឹងជួយដល់ការបង្កើនពន្លឺបានខ្ពស់ជាងនៅពេលថតនៅទីតាំងខ្សោយពន្លឺ។ ជាមួយគ្នានេះ iPhone 16 និង iPhone 16 Plus ក៏អាចនឹងទទួលបានការបំពាក់នូវមុខងារថតរូបបែប macro photography ជាលើកដំបូងផងដែរ ព្រោះថា មុខងារនេះ គឺមានប្រើតែចំពោះ iPhone ម៉ូដែល Pro តែប៉ុណ្ណោះ។
ដោយឡែកនៅលើម៉ូដែល iPhone 16 Pro និង 16 Pro Max នឹងនៅតែបន្តប្រើសែនស័រគោលទំហំ 48MP aperture f/1.78 ដូចជំនាន់មុខដដែល គ្រាន់តែនៅលើម៉ូដែល iPhone 16 Pro ឆ្នាំនេះ អាចនឹងទទួលបានការគាំទ្រនូវមុខងារ zoom កម្រិត 5x tetraprism telephoto ដែលប្រើផ្តាច់មុខតែនៅលើ iPhone 15 Pro Max កាលពីឆ្នាំមុន ជំនួសឲ្យ 3x telephoto នៅលើ iPhone 15 Pro បច្ចុប្បន្ន។
ជាងនេះទៅទៀតនៅលើ iPhone 16 Pro និង 16 Pro Max ក៏នឹងទទួលបានការបង្កើនទំហំសែនស័រ Ultra-wide ឡើងដល់ 48MP ដែលប្រើនូវមុខងារ pixel-binning  ដូចគ្នានឹងសែនស័រគោលផងដែរ ហើយសែនស័រ Ultra-wide ថ្មីនេះ គឺនឹងមាន aperture ធំដល់ f/2.2 បង្កើនទំហំពី f/2.4 ដើម្បីជួយបង្កើននូវកម្រិតពន្លឺបានខ្លាំងជាងមុន ហើយនិងគាំទ្រជាមួយមុខងារថតរូបក្នុងទំហំ 48MP ProRAW។
ទន្ទឹងនឹងនេះ Apple ឆ្នាំនេះ ក៏នឹងបានការដាក់បង្ហាញនូវប្រភេទរូបភាពកាមេរ៉ាថ្មីហៅថា “JPEG-XL” បន្ថែមពីលើប្រភេទរូបភាព HEIF, JPEG, HEIF Max, ProRaw, និង ProRAW Max ដែលមាននៅលើ iPhone ស្រាប់ផងដែរ។ ជាពិសេសទៅទៀតនោះ ប្រព័ន្ធកាមេរ៉ារបស់ iPhone 16 Pro និង iPhone 16 Pro Max ក៏នឹងមានសមត្ថភាពខ្ពស់អាចធ្វើការផលិតសាច់វីដេអូបានច្បាស់ដល់ 3K ល្បឿន 120fps ជាមួយគុណភាពវីដេអូ Dolby Vision ថែមទៀតផង។
ជាមួយគ្នានេះ Apple ក៏នឹងមានការដាក់បន្ថែមនូវប៊ូតុងថ្មីមួយទៀតដែលត្រូវបានគេដឹងថា ជា Capture button ដើម្បីផ្តល់ភាពងាយស្រួលក្នុងារដំណើរការកម្មវិធីកាមេរ៉ា និងមុខងារកាមេរ៉ាមួយចំនួនបានលឿនរហ័សជាងមុន។
Article image
ក្រៅពីនេះ បើតាមប្រភពរបាយការណ៍ និងព័ត៌មានចចាអារាម ក៏បានបញ្ជាក់ថា Apple នឹងបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង 16 Pro ធំជាងជំនាន់មុន គឺឡើងដល់ 6.3-inch និង 6.9-inch។ ហើយ iPhone 16 Series នឹងគាំទ្រដំណើរការដោយបន្ទះឈីប A18 Series និងប្រតិបត្តិការ iOS18 ដែលមានភ្ជាប់នូវមុខងារ Apple Intelligent សម្រាប់ផ្តល់នូវភាពឆ្លាតវៃដល់ការប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មីផងដែរ៕