ស្វែងរកពួកយើង:

iPhone 16 Series មិនអាចលក់នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបានទេ

ដោយ

Koun Jab Luffy

29 តុលា 2024 09:09 ព្រឹក

អាន 2 នាទី

Article image
យោងតាមកសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Apple ត្រូវហាមឃាត់មិនអោយលក់ស្មាតហ្វូនម៉ូដែល iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ មិនអាចបំពេញទៅតាមតម្រូវការនៃការវិនិយោគនៅក្នុងស្រុកនៅក្នុងប្រទេសនេះបាន។
បើតាមសេចក្តីថ្លែងការណ៍ថ្មីមួយ ដែលបានចុះនៅថ្ងៃទី 25 ខែតុលា ដោយក្រសួងឧស្សាហកម្មនៃប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ស្មាតហ្វូន iPhone 16 Series ថ្មីនេះ មិនអាចលក់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ មិនអាចបំពេញទៅលើតម្រូវការក្នុងស្រុក 40% សម្រាប់ស្មាតហ្វូនជាច្រើន។
Article image
បើតាមការបញ្ជាក់ក្នុងព័ត៌មាននេះ បានអោយដឹងថា ក្រុមហ៊ុន Apple បានវិនិយោគទឹកប្រាក់ប្រហែលជា 1.5 ទ្រីលានរូពី ដែលប្រហែលជា $95 លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែក្រុមហ៊ុននេះ មានការប្តេជ្ញាចិត្តនៅក្នុងការវិនិយោគទឹកប្រាក់ដែលមានចំនួនដល់ទៅ 1.7 ទ្រីលានរូពី ដោយមានការផ្តោតទៅលើការបង្កើតនូវអ្នកអភិវឌ្ឍ Developer Academies នៅក្នុងតំបន់នេះជាជាងការបង្កើតនូវរោងចក្រផលិតក្នុងស្រុក។
ការធ្លាក់ចុះនេះ គឺកើតឡើងនៅចំពេលដែលក្រុមហ៊ុន Apple មើលឃើញនូវកំណើននៃការលក់ដ៏ខ្លាំងក្លាទៅលើ iPhone សម្រាប់ទីផ្សារសកលជាពិសេសនៅក្នុងប្រទេសចិន។ ប្រទេសឥណ្ឌូនេស៊ី ក៏ជាផ្នែកមួយនៃទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន Apple ផងដែរ ដោយសេដ្ឋកិច្ចនៅប្រទេសនេះ មានតម្លៃ $1 ទ្រីលានរូពី។ នៅក្នុងប្រទេសនេះ គឺមានស្មាតហ្វូនដំណើរការជាង 350 លានគ្រឿង នៅក្នុងចំណោមប្រជាជនប្រហែលជា 270 លាននាក់។
Article image
គួរបញ្ជាក់ផងដែរថា នៅពលេនេះ ស្មាតហ្វូន iPhone 16 Series ចំនួនប្រហែលជា 9,000 គ្រឿង បានចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈការនាំចូលដោយអ្នកធ្វើដំណើរ សមាជិកនាវិក ឬអ្នកដឹកជញ្ជូនតាមប្រៃសនីយ៍ ប៉ុន្តែស្មាតហ្វូនទាំងនេះគឺត្រូវបានកំណត់យ៉ាងតឹងរឹងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយស្មាតហ្វូននេះ មិនអាចធ្វើពាណិជ្ជកម្មលក់ដូរបានទេ នេះបើតាមមន្ត្រីក្រសួងបានបញ្ជាក់៕
iPhone 16 Series មិនអាចលក់នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបានទេ