
Apple បានបញ្ចេញទូរស័ព្ទ iOS ជំនាន់ចុងក្រោយរបស់ខ្លួន គឺ iPhone 15 Series កាលពីប៉ុន្មានខែមុន ក្នុងឆ្នាំ 2023 នាខែកញ្ញា។ ហើយនៅពេលនេះ ក៏មានការទម្លាយនូវព័ត៌មានចចាមអារ៉ាមពីជំនាន់បន្ទាប់ដែលចេញក្នុងឆ្នាំ 2024 នេះ គឺ iPhone 16 Series។
សម្រាប់ iPhone 16 Series ទាំងអស់ត្រូវបានប្រភពព័ត៌មាននិយាយថា នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី A18 Pro ដែលឈីបជំនាន់ថ្មីនេះ ត្រូវបានការទម្លាយនៅលើកម្មវិធី Geekbench 6 Score ជាច្រើនមកហើយដែរ។ ហើយនៅពេលនេះបើតាមការទម្លាយចេញពីលោក Ming Chi-Kuo បាននិយាយថា Apple នឹងមិនការកែប្រែឌីស្សាញថ្មីសម្រាប់ iPhone 16 នោះទេ ក្រៅតែពីការបន្ថែមនូវប៊ូតុងថ្មី Capture Button។

លោក Ming Chi-Kuo ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកវិភាគដ៏ល្បីឈ្មោះ និងជិតស្និតបំផុតទៅនឹងផលិតផលថ្មីៗរបស់ Apple ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននេះ។ តាមការវិភាគថ្មីរបស់លោក Kuo បានបញ្ជាក់ដូច្នេះថា Apple នឹងមិនមានការកែប្រៃថ្មីសម្រាប់ការឌីស្សាញរបស់ iPhone 16 Series ដែលចេញនៅចុងឆ្នាំនេះនោះទេ។
លោកបានបញ្ជាក់ថា Apple នឹងធ្វើការផ្លាស់ប្តូរធំសំខាន់ៗមួយចំនួនសម្រាប់ iPhone 17 Series ដែលចេញនៅឆ្នាំ 2025 ដូចជាការឌីស្សាញថ្មី បំពាក់នូវប្រព័ន្ធអេកូ/កម្មវិធី GenAI កាន់តែឆ្លាតវៃជាដើម។ ដូចដែលយើងបានដឹងរួចហើយថា Apple មិនងាយនឹងធ្វើការផ្លាស់ប្តូររចនាបថផលិតផលរបស់ខ្លួនណាស់ ជាពិសេស គឺទូរស័ព្ទ iPhone តែម្តង គឺមួយជំនាន់ទៅមួយជំនាន់ មានការឌីស្សាញស្រដៀងៗគ្នា គ្រាន់តែធ្វើការផ្លាស់ប្តូរបន្តិចបន្ទួចតែប៉ុណ្ណោះ។

តួរយ៉ាងដូចជា បច្ចេកវិទ្យាអេក្រង់ Dynamic Island គឺបានប្រើដំបូងនៅលើ iPhone 14 Pro និង iPhone 14 Pro Max ដែលចេញក្នុងឆ្នាំ 2022 រួចបន្តប្រើនៅលើ iPhone 15 Pro Series 2023 ហើយក៏នឹងបន្តប្រើនៅលើ iPhone 16 Pro Series 2024 ផងដែរ។ ប៉ុន្តែ មានប្រភពមួយចំនួនបាននិយាយថា Apple នឹងប្រើបច្ចេកវិទ្យា Dynamic Island របស់ខ្លួននៅលើ iPhone 16 ទាំងបួនស៊េរីតែម្តងនៅឆ្នាំនេះ។ បន្ថែមពីនេះ Apple ក៏នឹងបន្ថែមនូប៊ូតុងថ្មីមួយទៀត គឺ Capture Button ដែលត្រូវបានគេដឹងថា ជាប៊ូតុងសម្រាប់ធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធកាមេរ៉ាថតរូបមួយចំនួនដូចជាការ zoom, focus, និង start record video ជាដើម ដោយប្រើនូវមុខងារ gesture sensitive៕
