
លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បី តែងតែចែកចាយព័ត៌មានផលិតផលរបស់ក្រុមហ៊ុន Apple នោះ នៅថ្ងៃនេះ បានធ្វើការព្យាករណ៍ទៅលើពណ៌មួយចំនួន ដែលនឹងមានការឌីស្សាញនៅលើស្មាតហ្វូន iPhone 16 Series ហើយអ្វីដែលគាត់លើកឡើងនោះ ក៏ត្រូវបានគេកត់សម្គាល់ទុកផងដែរ។ ខណៈពេលដែល ក្រុមហ៊ុន Apple ជាធម្មតាបានបង្ហាញនូវស្មាតហ្វូន iPhones ថ្មីរបស់ខ្លួននៅក្នុងខែកញ្ញានោះ ពណ៌ថ្មីនេះ អាចនឹងធ្វើអោយអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលមានវត្តមានរដូវស្លឹកឈើជ្រុះខាងមុខនេះ។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមរបស់ លោក Kuo បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max នឹងមានពណ៌ខ្មៅ ស (ឬទឹកប្រាក់) ប្រផេះ (ឬ Natural Titanium) និងផ្កាឈូក។ សម្រាប់ពណ៌ផ្កាឈូកនេះ នឹងធ្វើការជំនួសទៅលើពណ៌ Blue Titanium ដែលមាននៅលើស្មាតហ្វូន iPhone 15 Pro Max។

បើមើលទៅលើស្មាតហ្វូន iPhone 16 និងiPhone 16 Plus នោះ លោក Kuo បានលើកឡើងនូវពណ៌ខ្មៅ បៃតង ផ្កាឈូក ខៀវ និងស។ ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរសម្រាប់ពណ៌ស ដែលជំនួសដោយពណ៌លឿង ដែលមាននៅលើស្មាតហ្វូន iPhone 15 និង iPhone 15 Plus ។ លោក Kuo បានបន្ថែមថា ក្រុមហ៊ុន Apple អាចនឹងធ្វើការអាប់ដេតទៅលើឈ្មោះថ្មីទៅលើពណ៌ដែលមានស្រាប់នេះផងដែរ។

យោងតាមអ្នកប្រើប្រាស់ @ArnaudDucouret ក៏បានបង្ហោះនូវរូបភាពមួយនៅលើបណ្តាញសង្គម X ដោយមានការបង្ហាញថា ស្មាតហ្វូន iPhone 16 Pro series នេះ គឺផ្អែកដូចទៅនឹងអ្វីដែលជាការរំពឹងទុករបស់លោក Kuo ។ ប្រសិនបើនេះគឺជាការពិតនោះ នេះគឺជាលើកដំបូងបំផុតដែលម៉ូដែល Pro មានពណ៌ផ្កាឈូក។ ខណៈពេលដែលនេះ គឺជាការរំពឹងទុកប៉ុណ្ណោះ ប៉ុន្តែភាគច្រើនការវិភាគចេញពីលោក Kuo គឺជាការពិត។ សូមជំរាបថា មកដល់ពេលនេះ នៅសល់ពេលជាច្រើនខែទៀតទម្រាំដល់ខែកញ្ញា ដូចនេះ ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន iPhone 16 Series នឹងបន្តទម្លាយជាបន្តបន្ទាប់ផងដែរ៕
