ស្វែងរកពួកយើង:

iPhone 16 អាចនឹងមានដាក់លក់នៅលើទីផ្សារឥណ្ឌូនេស៊ីឡើងវិញបាន បន្ទាប់ Apple បន្តធ្វើការវិនិយោគតាមគម្រោង

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2024 07:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានប្រឈមមុខទៅនឹងការហាមប្រាមក្នុងការលក់ស្មាតហ្វូនស៊េរីថ្មី iPhone 16 Series នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្នុងខែតុលាឆ្នាំ 2024 នេះ។ រឿងប្រឈមនេះ គឺដោយសារក្រុមហ៊ុន Apple បានបរាជ័យក្នុងការរក្សានូវការសន្យារបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសនេះ ដែលជាហេតុធ្វើអោយមានការហាមប្រាមទៅលើការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ នៅពេលនេះ យោងតាមសេចក្តីរាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនក្នុងការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយដើម្បីបញ្ឈប់នូវការហាមប្រាមនេះ។
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសថា នឹងមានការវិនិយោគទឹកប្រាក់ដល់ទៅ 109 លានដុល្លារអាមេរិក ហើយថែមទាំងបានសន្យាថា នឹងផ្តល់ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកថែមទៀតផង ប៉ុន្តែអ្វីៗគឺមិនទាន់អាចទៅរួចនោះទេ។ បន្ថែមពីនេះ មានរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Apple មិនទាន់មានកិច្ចព្រមព្រៀងថ្មី ហើយក្រុមហ៊ុននេះ ក៏មានបញ្ហាជាមួយនឹងរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងសមាសភាគចំនួន 40% នៅក្នុងស្រុកដែលនាំអោយមានការហាមប្រាមទៅលើការលក់ iPhone 16 ។
Article image
សម្រាប់ពេលនេះ ក្រុមហ៊ុន Apple  បានចាប់ផ្តើមធ្វើការនៅលើគម្រោងនៃការអភិវឌ្ឍទៅលើភាពច្នៃប្រឌិតថ្មីបន្ថែមទៀតហើយតាមរយៈការបង្កើតនូវកម្មវិធី  Apple Academies  នៅក្នុងប្រទេសនេះ។ បន្ថែមពីនេះ របាយការណ៍មួយ បានអះអាងថា ក្រុមហ៊ុន Apple បានបង្កើននូវការផ្តល់ជូនរបស់ខ្លួន គឺវិនិយោគច្រើនជាង 100 លានដុល្លារអាមេរិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយៈពេល 2 ឆ្នាំទៀត។ នេះគឺជាការវិនិយោគដែលមានទំហំធំជាងមុនដល់ទៅ 10 ដងបើធៀពជាមួយនឹងការសំណើរមុននូវទឹកប្រាក់ចំនួន 10 លានដុល្លារអាមេរិកនៅក្នុងរោងចក្រមួយនៅក្នុងតំបន់ Bandung ដែលធ្វើការផលិតនូវ accessories និង components នោះ។
Article image
ទាក់ទងនឹងព័ត៌មាននេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី នៅមិនទាន់បានឆ្លើយតបទៅនឹងសំណើរថ្មីរបស់ក្រុមហ៊ុន Apple នោះទេ។ យ៉ាងណាមិញ ក្រសួងឧស្សាហកម្មប្រទេសនេះ ក៏រង់ចាំអោយក្រុមហ៊ុន Apple ក្នុងការពង្រីកទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើស្មាតហ្វូន iPhone នៅក្នុងប្រទេសនេះ ហើយការវិនិយោគនេះ គឺអាចបញ្ចប់នូវការហាមឃាត់ទៅលើការលក់ស្មាតហ្វូន iPhone ផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ក៏បានបិទទៅលើការលក់ស្មាតហ្វូន Pixel 9 Series របស់ក្រុមហ៊ុន Google នៅក្នុងហេតុផលដូចគ្នាផងដែរ៕