ស្វែងរកពួកយើង:

iPhone 16e នឹងប្រើអេក្រង់ LTPS-OLED FHD+ ទំហំ 6.06-អ៊ីង គាំទ្រមុខងារ Face ID និងបន្ទះឈីប A18

ដោយ

Koun Jab Luffy

10 មករា 2025 05:18 ល្ងាច

អាន 2 នាទី

Article image
មានសេចក្តីរាយការណ៍ជាច្រើនបាននិយាយទាក់ទងនឹងវត្តមានរបស់ទូរស័ព្ទ iPhone លំដាប់ថវិកាជំនាន់ថ្មី iPhone SE ដែលនឹងបង្ហាញវត្តមាននៅឆ្នាំ 2025 នេះ។ តាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Apple អាចនឹងធ្វើការប្តូរឈ្មោះហៅថ្មីសម្រាប់ iPhone SE ជំនាន់ថ្មីរបស់ខ្លួន ដែលអាចនឹងប្តូរទៅជាឈ្មោះ iPhone 16e។ ហើយនៅថ្ងៃនេះបើតាមគណនី Weibo របស់ចិនដែលមានឈ្នោះថា Digital Chat Station បានទម្លាយទាក់ទងនឹងគ្រឿងបង្គុំសំខាន់ៗរបស់ iPhone SE4 ឬ iPhone 16e។
យោងទៅលើការបង្ហោះនៅលើគណនី Digital Chat Station បានបង្ហាញឲ្យដឹងថា iPhone 16e នឹងមានអេក្រង់ទំហំ 6.06-inch ជាប្រភេទបន្ទះអេក្រង់ LTPS-OLED Display ដែលមានកម្រិតបង្ហាញ Full-HD+ ជាមួយកម្រិតល្បឿន refresh rate 60Hz និងមានអេក្រង់ Notch ដែលបង្កប់នូវសែនស័រស្កែនមុខដោះសោរសុវត្ថិភាព Face ID ដូចគ្នានៅលើ iPhone 14 Series ដែរ។
Article image
សម្រាប់ស៊ុមជុំវិញ របស់ iPhone លំដាប់ថវិកាជំនាន់ថ្មី គឺជាប្រភេទលោហៈធាតុដែលមានផ្តល់នូវភាពរឹងមាំ និង Premium សម្រាប់ការប្រើប្រាស់។ iPhone SE4 ឬ iPhone 16e ក៏នឹងប្រើបន្ទះឈីប A18 Bionic ដែលផ្តល់នូវអនុភាពក្នុងការប្រើប្រាស់កាន់តែល្អប្រសើរ។ សម្រាប់កាមេរ៉ាវិញ iPhone 16e នឹងមានបំពាក់លែនកាមេរ៉ាក្រោយមួយគ្រាប់ ហើយក៏នឹងមានប្រព័ន្ធការពារទឹកផងដែរ។
Article image
ហើយបើតាមការបង្ហោះនៅលើគណនីឈ្មោះថា Smart Pickachu បាននិយាយថា iPhone 16e នឹងប្រើប្រាស់បន្ទះឈីប 5G Modem ដែលអភិវឌ្ឍន៍ និងផលិតដោយ Apple ផ្ទាល់ ជំនួសឲ្យ 5G Modem របស់ Qualcomm។ iPhone 16e អាចនឹងបង្ហាញវត្តមាននៅឆមាសដំបូងក្នុងឆ្នាំ 2025 អាចក្នុងខែមិនា ឬខែមេសា។ iPhone SE4 ឬ iPhone 16e ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផលិតនៅក្នុងរោងចក្រ Foxconn ក្នុងប្រទេសឥណ្ឌា៕
iPhone 16e នឹងប្រើអេក្រង់ LTPS-OLED FHD+ ទំហំ 6.06-អ៊ីង គាំទ្រមុខងារ Face ID និងបន្ទះឈីប A18