ស្វែងរកពួកយើង:

iPhone 17 គ្រប់ម៉ូដែលបង្ហាញខ្លួននៅឆ្នាំនេះ នឹងបំពាក់អេក្រង់ Samsung OLED កម្រិតខ្ពស់ទាំងអស់!

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 10:10 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវកញ្ចក់អេក្រង់ Samsung M14 OLED នៅលើស្មាតហ្វូន iPhone 17 របស់ខ្លួន គ្រប់ម៉ូដែលទាំងអស់តែម្តង។ ដូច្នេះផ្អែកតាមការលើកឡើងនេះ បញ្ជាក់ថា នៅលើស្មាតហ្វូនម៉ូដែលស្តង់ដាររួមជាមួយនឹងស្មាតហ្វូន iPhone 17 Air ក៏នឹងមានប្រើប្រាស់អេក្រង់ថ្មីនេះដែរ។ ប្រសិនព័ត៌មាននេះគឺជាការពិតមែននោះ អាចនិយាយថា នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple ប្រើប្រាស់នូវអេក្រង់កម្រិតខ្ពស់ដូចគ្នានៅលើស្មាតហ្វូនទាំងអស់របស់ខ្លួន។
បើតាមការបញ្ជាក់កន្លងមកបានអោយដឹងថា អេក្រង់ M14 Panel របស់ក្រុមហ៊ុន Samsung Display នេះ គឺមានការប្រើប្រាស់នូវស្រទាប់ light-emitting layer, common layers និង prime layers ដែលបង្កើតនូវ individual pixels នៅក្នុងកញ្ចក់ OLED នេះ។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung ក៏បានបានផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Apple សម្រាប់អេក្រង់ M14 Display នេះទៅលើស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max រួចហើយផងដែរ។
Article image
ប្រភពដដែលនេះ បានបញ្ជាក់ថា អេក្រង់ថ្មីនេះ មានកម្រិតពន្លឺភ្លឺជាងមុន 30% និងមានអាយុកាលប្រើប្រាស់បានយូរជាងអេក្រង់ M13 Panel ដែលប្រើប្រាស់នៅក្នុងឆ្នាំ 2023។ យ៉ាងណាមិញ នៅលើស្មាតហ្វូន iPhone 15 ម៉ូដែលស្តង់ដារកន្លងមក គឺប្រើប្រាស់នូវ M12 Panel។ ការប្រើប្រាស់នូវអេក្រង់កម្រិត Pro Level នេះ មិនធានាថា គ្រប់ស្មាតហ្វូនទាំងអស់នឹងមានមុខងារជាច្រើនដូចទៅនឹងម៉ូដែល Pro នោះទេ។ សម្រាប់ ProMotion ក៏ជាមុខងារដែលមិនទាន់មាននៅលើស្មាតហ្វូនដែលមានតម្លៃធូរថ្លៃនៅឡើយទេ៕