ស្វែងរកពួកយើង:

iPhone 17 នឹងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Scratch-resistant anti-reflective Display glass ដូច Galaxy S24 Ultra ដែរ

ដោយ

Koun Jab Luffy

20 មីនា 2024 09:00 ព្រឹក

អាន 2 នាទី

Article image
បើតាមប្រភពរបាយការណ៍ថ្មី បាននិយាយថា iPhone 17 ដែលចេញនៅឆ្នាំ 2025 នឹងប្រើបច្ចេកវិទ្យាអេក្រង់ Anti-reflective Gorilla Glass Armor ដែលបានប្រើនៅលើកំពូលស្មាតហ្វូន Samsung Galaxy S24 Ultra។ ដែលបច្ចេកវិទ្យាអេក្រង់ថ្មីនេះ នឹងជួយការពារអេក្រង់របស់ iPhone កាន់តែធន់នឹងភាពកកិតឆ្កូត និងកាត់បន្ថយចំណាំងផ្លាតពន្លឺបានល្អជាងបច្ចេកវិទ្យា Ceramic Shield ដែលប្រើនៅលើ iPhone បច្ចុប្បន្ន។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយដោយសារតែបច្ចេកវិទ្យាស្រទាប់ការពារអេក្រង់ Anti-reflective Gorilla Glass Armor នេះទំនងជាមិនមានប្រើនៅលើជំនាន់ iPhone 16 Series ដែលត្រៀមបង្ហាញវត្តមាននៅមុនដំណាច់ឆ្នាំ 2024 នេះទេ។ Corning គឺជាក្រុមហ៊ុនដែលមានជំនាញក្នុងការផលិតបច្ចេកវិទ្យាការពារអេក្រង់ដ៏ល្បីល្បាញបំផុតសម្រាប់ឧស្សាហកម្មស្មាតហ្វូន ដោយក្រុមហ៊ុមផលិតស្មាតហ្វូនជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យាការងារអេក្រង់របស់ក្រុមហ៊ុននេះ។
បើតាមការបញ្ជាក់ពី Corning បច្ចេកវិទ្យាអេក្រង់ថ្មីដែលប្រើនៅលើ Samsung Galaxy S24 Ultra បច្ចុប្បន្ន គឺមានសមត្ថភាពក្នុងការកាត់បន្ថយចំណាំងពន្លឺបានល្អប្រសើរប្រមាណ 75% និងមានសមត្ថភាពការពារការកកិតឆ្កូតខ្ពស់ជាង 4 ដងធៀបនឹងបច្ចេកវិទ្យាអេក្រង់ការពារក្រុមហ៊ុនផ្សេងទៀត។
ទាក់ទងនឹងដំណឹងនេះ Apple មិនទាន់បានបង្ហើបពីរឿងមួយនេះនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានតម្លៃទ្រីលានដុល្លាររបស់អាមេរិកមួយនេះ ត្រូវបានគេដឹងថាកំពុងធ្វើការជាមួយនឹង Corning ដើម្បីពិភាក្សាក្នុងរឿងនេះរួចហើយ។ បើតាមដំណឹង បានបង្ហើបថា Apple នឹងប្រើឈ្មោះបច្ចេកវិទ្យាការពារអេក្រង់ថ្មីថា Ceramic Shield Ultimate ជំនូសឲ្យ Anti-reflective Gorilla Glass Armor ដែលប្រើនៅលើ Galaxy S24 Ultra។
សូមបញ្ជាក់ថា Apple បានសហការជាមួយ Corning ក្នុងការអភិវឌ្ឍន៍ផលិតនូវបច្ចេកវិទ្យាការពារអេក្រង់ Ceramic Shield នៅលើ iPhone ជាច្រើនជំនាន់មកហើយ៕