
Apple ត្រូវបានគេរំពឹងទុកថា នឹងមានការដាក់បង្ហាញចេញនៅសមាជិក iPhone ថ្មីមួយម៉ូដែលទៀត ដែលមានឈ្មោះថា iPhone 17 Air ឬ Slim នៅឆ្នាំក្រោយនេះ។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមជាច្រើនបាននិយាយតៗគ្នាថា iPhone 17 Air ឬ Slim នឹងក្លាយជា iPhone ដែលមានកម្រាស់ស្តើងបំផុតក្នុងប្រវត្តិសាស្ត្រ iPhone ដែលអាចមានកម្រាស់ស្តើងដូចគ្នានឹង iPad Air ឬ Macbook Air Series។ យ៉ាងណាមិញបើតាមប្រភពព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា iPhone 17 Air ឬ Slim នឹងមិនមានកម្រាស់ស្តើងដូចអ្វីដែលបានរំពឹងទុកនោះទេ គឺវានឹងបង្កើនកម្រាស់។
តាមប្រភពបានបញ្ជាក់ដូច្នេះថា iPhone 17 Air នឹងមានការកែប្រែរចនាបថដោយនឹងមានការបង្កើននូវកម្រាស់ដោយសារមានផលវិបាកក្នុងការដាក់បញ្ចូលនឹងថាមពលថ្ម និងគ្រឿងបង្គុំសំខាន់មួយចំនួនទៀតប្រសិនបើការរចនាតួរទូរស័ព្ទឲ្យមានកម្រាស់ស្តើង។ ដូចនេះហើយ Apple អាចនឹងធ្វើការផ្លាស់ប្តូរគម្រោងក្នុងការរចនាតួរ iPhone ឲ្យមានកម្រាស់ស្តើង។ តាមប្រភពបានបញ្ជាក់ថា iPhone 17 Air នឹងមានកម្រាស់ 7mm ដូចនេះ វាមិនមានកម្រាស់ស្តើងស្លីមដូចការរំពឹងទុកនោះទេ។ បច្ចុប្បន្នសម្រាប់ iPhone 16 Plus គឺមានកម្រាស់ 7.8mm។

iPhone 17 Air / Slim ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពទៅលើអេក្រង់ កំលាំងម៉ាស៊ីន និងប្រព័ន្ធកាមេរ៉ាថតរូប។ សមាជិកថ្មីគ្រួសារ iPhone នេះ នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ ProMotion 120Hz refresh rate, បំពាក់សែនស័រទំហំ 48MP, បង្កើនទំហំកាមេរ៉ាសែលហ្វីពីទំហំ 12MP ឡើងដល់ 24MP។
ជាងនេះទៅទៀត Apple ក៏មានគម្រោងក្នុងការប្រើប្រាស់ប្រព័ន្ធបន្ទះឈីប 5G ដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់នៅលើ iPhone 17 Series ថែមទៀតផង។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung ដែលជាគូប្រជែងដ៏ខ្លាំងក្លាជាមួយ Apple ត្រូវបានគេបង្ហើបថា នឹងមានការប្រកាសចេញស្មាតហ្វូនដែលមានកម្រាស់ស្តើងម៉ូដែលថ្មី ដែលអាចជា Galaxy S25 Slim ដើម្បីប្រគូតប្រជែងជាមួយ iPhone 17 Slim/Air ផងដែរ។

សម្រាប់ Samsung Galaxy S25 Slim ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។ ហើយអាចនឹងមានកម្រាស់ស្តើងជាងការរំពឹងទុក ព្រោះដោយសារតែ Samsung នឹងប្រើបច្ចេកវិទ្យាថ្មថ្មីដើម្បីរក្សាកម្រាស់ទូរស័ព្ទឲ្យស្តើងតាមអ្វីដែលអាចធ្វើទៅបាន។ ដូច្នេះរាងចាំមើលថា តើ iPhone 17 Slim/ Air និង Galaxy S25 Slim មួយណាមានកម្រាស់ស្តើងជាង ហើយម៉ូដែលមួយណាក្លាយជាជម្រើសរបស់លោកអ្នកដែរទៅ៕
