ស្វែងរកពួកយើង:

iPhone 17 Pro និង 17 Pro Max នឹងមិនប្តូរទៅប្រើស៊ុមប្រភេទផ្សេងក្រៅពី Titanium Frame ឡើយ

ដោយ

Koun Jab Luffy

03 ធ្នូ 2024 03:21 រសៀល

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះមានលេចលឺដំណឹងរស៊ើបថា iPhone 17 Pro និង 17 Pro Max ដែលចេញនៅចុងឆ្នាំ 2025 នឹងមានស៊ុមជាប្រភេទ Aluminum Frame ជំនួសឲ្យស៊ុមប្រភេទ Titanium Frame ដែលប្រើនៅលើ iPhone ប៉ុន្មានជំនាន់មកហើយ ក៏ដូចជាស៊ុម Stainless Steel Frame ផងដែរ។
ដោយឡែកនៅថ្ងៃនេះ មានគណនី Weibo មួយបានបង្ហោះថា Apple នឹងមិនវិលត្រឡប់ទៅការប្រើប្រាស់ស៊ុមប្រភេទ Stainless Steel Frame ឬសូម្បីតែ Aluminum Frame សម្រាប់ iPhone ម៉ូដែល Pro Series របស់ខ្លួន ដោយហេតុផលថា ប្រសិនបើមានការផ្លាស់ប្តូរទៅប្រើស៊ុមទាំងពីរនេះជំនួសឲ្យស៊ុម Titanium Frame គឺអាចធ្វើឲ្យស្លាកយីហោស្មាតហ្វូនម៉ូដែល Pro របស់ខ្លួនមានការធ្លាក់ចុះ។ ព្រោះថា Titanium Frame គឺមានគុណភាពខ្ពស់ និងផ្តល់នូវគុណតម្លៃពិសេសសម្រាប់ទូរស័ព្ទ។
ដូចដែលយើងបានដឹងរួចមកហើយថា Apple បានប្រើប្រាស់ស៊ុមប្រភេទ Stainless Steel ឬស៊ុមដែកអ៊ីណុកនៅលើផលិតផល និង iPhone កម្រិតខ្ពស់របស់ខ្លួន ហើយប៉ុន្មានជំនាន់ចុងក្រោយនេះ គឺចាប់ពី iPhone 14 Pro Series មក Apple បានប្រើប្រាស់ស៊ុមប្រភេទថ្មីហៅថា Titanium Frame ដែលជាសមាធាតុមានគុណភាពខ្ពស់ និងមានតម្លៃថ្លៃ ដែលធ្វើឲ្យផលិតផលរបស់ពួកគេពិសេស គឺទូរស័ព្ទ iPhone ជំនាន់ថ្មីតែម្តងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង និងមានភាពកាន់តែអស្ចារ្យ។ ហើយក៏បានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនដែលរកប្រាក់ចំណេញបានច្រើនផងដែរនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏មានទស្សនៈជាច្រើនបានលើកឡើងថា សម្រាប់ព័ត៌មានទាក់ទិននឹងការផ្លាស់ប្តូរមកប្រើស៊ុម Aluminum Frame នៅលើទូរស័ព្ទ iPhone ម៉ូដែល Pro ឆ្នាំ 2025 អាចជាយុទ្ធសាស្ត្រថ្មីរបស់ Apple ក្នុងការបង្កើនប្រាក់ចំណេញរបស់ខ្លួន ព្រោះថា ស៊ុមប្រភេទ Aluminum Frame មានតម្លៃធូរថ្លៃជាងស៊ុម Stainless Steel និង Titanium Frame។
Article image
យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានចចាមអារាមតែប៉ុណ្ណោះ យើងរងចាំតាមដានទាំងអស់គ្នាបន្តទៀតសម្រាប់ការវិវត្តន៍ព័ត៌មានថ្មីៗបន្ថែមទៀត ទម្រាំដល់ការបង្ហាញវត្តមានរបស់ iPhone 17 Pro និង iPhone 17 Pro Max ដែលនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ 2025៕
iPhone 17 Pro និង 17 Pro Max នឹងមិនប្តូរទៅប្រើស៊ុមប្រភេទផ្សេងក្រៅពី Titanium Frame ឡើយ