ស្វែងរកពួកយើង:

iPhone 17 Pro និង 17 Pro Max អាចនឹងក្លាយជា iPhone ដំបូងដែលមានជម្រើសរ៉េមទំហំដល់ 12GB

ដោយ

Koun Jab Luffy

10 ឧសភា 2025 11:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងទៅលើការអភិវឌ្ឍន៍ផលិតទូរស័ព្ទ iPhone ជំនាន់ថ្មី គឺ iPhone 17 Series ដែលនឹងមកដល់នៅចុងត្រីមាសទីបីឆ្នាំនេះ។ បើតាមប្រភពព័ត៌មានថ្មីនេះ បាននិយាយថា Apple នឹងប្រើប្រាស់រ៉េមដែលមានទំហំ 12GB ជាលើកដំបូងសម្រាប់ iPhone 17 Pro និង Pro Max។ ហើយប្រសិនបើការលើកឡើងនេះ បានកើតឡើងពិតមាននោះ មានន័យថា អ្នកប្រើប្រាស់ iPhone 17 Pro និង iPhone 17 Pro Max នឹងទទួលបានល្បឿនក្នុងការប្រើប្រាស់កម្សាន្ត កាន់តែមានអនុភាពខ្លាំង ល្អបំផុតសម្រាប់ការលេងហ្គេម ក៏ដូចជាគាំទ្រដំណើរការកម្មវិធី AI App កាន់តែប្រសើរជាងមុន។
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា ជាអ្នកផ្គត់ផ្គងរ៉េមដ៏សំខាន់សម្រាប់ iPhone 17 Series។ បើតាមប្រភពព័ត៌មានពីកូរ៉េខាងត្បូងបាននិយាយថា Samsung នឹងធ្វើការផលិតរ៉េមចំនួន 70% សម្រាប់ DRAM Module របស់ខ្លួន។ Samsung ជាដៃគូផ្គត់ផ្គងបន្ទអេក្រង់ OLED ដ៏សំខាន់បំផុតសម្រាប់ការផលិត iPhone របស់ Apple ។
Article image
ចំនែកក្រុម SK hynix និង Micron ក៏ជាក្រុមហ៊ុនដែលផ្គត់ផ្គងរ៉េមសម្រាប់ការផលិត iPhone ផងដែរ។ SK hynix នឹងសហការជាមួយក្រុមហ៊ុន LG Innotek ខណៈដែលក្រុមហ៊ុន Micron នឹងធ្វើការជាមួយក្រុមហ៊ុន Shinko Electric របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនទាំងពីរនេះនឹងផ្គត់ផ្គងរ៉េមប្រមាណ 30% ដល់ Apple សម្រាប់ការផលិត iPhone ជំនាន់ថ្មីបន្ទាប់ពី Samsung។
Article image
សម្រាប់ម៉ូដែល iPhone 17 ហើយនិង iPhone 17 Air ដែលជាម៉ូដែលថ្មីជំនូសម៉ូដែល Plus នឹងបន្តបំពាក់រ៉េមដែលមានទំហំ 8GB ដូចមុនដដែល។ ប៉ុន្តែ បើតាមរបាយការណ៍របស់អ្នកវិភាគលោក Ming Chi-Kuo បាននិយាយថា Apple អាចនឹងបន្ថែមម៉ូដែល iPhone 17 Air មានរ៉េមទំហំ 12GB ផងដែរ។ សម្រាប់ការផ្លាស់ប្តូររបស់ Apple ក្នុងការពង្រីកទំហំ RAM ធំសម្រាប់ iPhone ជំនាន់ថ្មី គឺជាសូចនាករដ៏ល្អដែលនឹងជម្រុញការប្រើប្រាស់មុខងារ និងកម្មវិធីថ្មីៗ ជាពិសេសកម្មវិធី AI ដែលត្រូវការប្រើរ៉េមទំហំធំដើម្បីឲ្យដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់៕
iPhone 17 Pro និង 17 Pro Max អាចនឹងក្លាយជា iPhone ដំបូងដែលមានជម្រើសរ៉េមទំហំដល់ 12GB