
នៅថ្ងៃនេះ អាចនិយាយថា គឺសប្តាហ៌ដំបូងហើយដែលមានការចែករំលែកព័ត៌មានជាច្រើនអំពីស្មាតហ្វូន iPhone 17 Seriesដោយលោក Jeff Pu ដែលជាអ្នកវិភាគដ៏ល្បីល្បាញមានទំនាក់ទំនងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នៅក្នុងអាស៊ី។ ខណៈពេលជាច្រើនខែទៀតទំរាំដល់ពេលនៃការប្រកាសនូវស្មាតហ្វូន iPhone 16 នោះ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមទម្លាយអំពីស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេល 1 ឆ្នាំកន្លះទៀតឯណោះ។ប្រភពព័ត៌មានខាងលើនេះ បាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max នឹងមានការបំពាក់នូវអេក្រង់ដែលមានទំហំ 6.3-អ៊ីង និងទំហំ 6.9-អ៊ីង។
ថ្មីៗនេះ យោងតាមការសិក្សាស្រាវជ្រាវមួយដោយក្រុមហ៊ុនវិនិយោគ Haitong ដែលចែកចាយដោយលោក Pu គឺបានបញ្ជាក់ ងា ស្មាតហ្វូន iPhone 17 Pro និង Pro Max នេះគឺមានរ៉េមទំហំ 12GB ប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 15 Pro គឺមានរ៉េមទំហំ 8GB និងស្មាតហ្វូន iPhone 16 Pro គឺនៅតែមានការប្រើប្រាស់នូវរ៉េមទំហំ 8GB ដដែល។ ការពង្រឹងទៅលើរ៉េមនេះ ត្រូវបានគេនិយាយថា ដើម្បីបង្កើនទៅលើសមត្ថភាពនៃការងារ multi-tasking នៅលើ iPhone។ នេះ គឺជារ៉េមនៅលើស្មាតហ្វូន iPhone 17។ iPhone 17 មានរ៉េមទំហំ 8GB, iPhone 17 Slim មានរ៉េមទំហំ 8GB និងiPhone 17 Pro មានទំហំ 12GB ខណៈដែល iPhone 17 Pro Max ក៏មានរ៉េមទំហំ 12GB ដូចគ្នា។

ទាក់ទងនឹងព័ត៌មានថ្មីខាងលើនេះ លោក Jeff Pu បាននិយាយទៀតថា ស្មាតហ្វូន iPhone 17 Pro Max គឺនឹងមានបំពាក់នូវ Dynamic Island ដែលមានទំហំតូចជាងមុន ហើយក៏មានបំពាក់នូវ Face ID System ផងដែរ។ នេះគឺជាលើកដំបូងបំផុតដែលមានការកាត់បន្ថយទៅលើ Dynamic Island ចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន iPhone 14 Pro មក៕
