ស្វែងរកពួកយើង:

iPhone 17 Pro នឹងបំពាក់នូវកាមេរ៉ា Telephoto ទំហំ 48MP និងរ៉េមទំហំ 12GB រួមនិងលក្ខណៈពិសេសជាច្រើនទៀត

ដោយ

Koun Jab Luffy

21 តុលា 2024 09:21 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូន iPhone 17 Pro នៅសល់ពេលជិតមួយឆ្នាំទៀតទំរាំដល់ពេលប្រកាសជាផ្លូវការណ៌នោះ នៅពេលនេះ អ្នកវិភាគ Jeff Pu បានចាប់ផ្តើមទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនដែលមាននៅលើស្មាតហ្វូនថ្មីនេះហើយ។
នៅក្នុងសប្តាហ៍នេះ លោក Pu ដែលជាអ្នកវិភាគប្រចាំនៅក្នុងក្រុមហ៊ុន Haitong International បានអះអាងថាស្មាតហ្វូន iPhone 17 Pro និង iPhone 17 Pro Max នឹងមានកាមេរ៉ាខាងក្រោយទំហំ 48-Megapixel Telephoto ហើយនិងមានកាមេរ៉ាខាងមុខទំហំ 24-Megapixel។
Article image
អ្នកវិភាគ Jeff Pu បានបន្ថែមថា ស្មាតហ្វូន iPhone 17 Pro នេះ នឹងមានបំពាក់នូវរ៉េមទំហំ 12GB ដែលធំជាងរ៉េមនៅលើស្មាតហ្វូន iPhone 16 Pro ដែលមានទំហំត្រឹមតែ 8GB ប៉ុណ្ណោះ។ ការបង្កើនទៅលើរ៉េមនេះ ត្រូវបានលោកបញ្ជាក់ថា គឺក្រុមហ៊ុននេះមានគោលដៅបង្កើនទៅលើដំណើរការ និងល្បឿនរបស់ Apple Intelligence ក៏ដូចជា multitasking។
បើមើលទៅលើស្មាតហ្វូន iPhone 17 Pro Max នេះ គឺនឹងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ដែលមានទំហំតូចជាងមុនផងដែរ បើប្រៀបធៀបជាមួយនឹងបច្ចេកវិទ្យាអេក្រង់ Dynamic Island ដែលមាននៅលើស្មាតហ្វូន iPhone 14 Pro និងiPhone 14 Pro Max ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2022។
Article image
អ្នកវិភាគ Jeff Pu បានបន្តថា ស្មាតហ្វូន iPhone 17 Pro និង iPhone 17 Pro Max គឺនឹងមានអេក្រង់ទំហំ 6.3-អ៊ីង និង 6.9-អ៊ីង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប A19 Pro ដែលគាំទ្រដោយដំណើរការ 3nm របស់ក្រុមហ៊ុន TSMC ដូចទៅនឹងបន្ទះឈីប A18 Pro អញ្ចឹង។ ក្រុមហ៊ុន Apple នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro នៅក្នុងខែកញ្ញាឆ្នាំ 2025 នេះ ហើយក៏នឹងមានមកជាមួយនឹងស្មាតហ្វូន iPhone 17 ដែលមានរូបរាងស្លីមជាងមុន ដែលមានឈ្មោះហៅថា  "iPhone 17 Air" ផងដែរ៕