លោក Jeff Pu អ្នកវិភាគល្បីឈ្មោះមកពីស្ថាប័ន Hiatong International បានធ្វើការបញ្ចេញព័ត៌មានទាក់ទងនឹងទូរស័ព្ទ iPhone ជំនាន់បន្ទាប់ដែលនឹងមកដល់ក្នុងខែកញ្ញា ឆ្នាំ 2025 គឺ iPhone 17 Series។

លោក Pu បានបង្ហាញរបាយការណ៍វិភាគទាក់ទងនឹងម៉ូដែល iPhone 17 Slim ឬ Air ដោយលោកបាននិយាយថា ម៉ូដែល 17 Slim ឬ Air នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី គឺ A19 ប៉ុន្តែ មិនមែន A19 Pro នោះទេ។ ហើយម៉ូដែលនេះ នឹងមានរ៉េមទំហំ 8GB ជាមួយការគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI (Apple Intelligence)។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញអ្នកវិភាគរូបនេះ បាននិយាយថា iPhone 17 Slim/Air នឹងមានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 48MP និងកាមេរ៉ាមុខទំហំ 24MP រួមនឹងប្រព័ន្ធស្កែនផ្ទៃមុខ Face ID ជាមួយស៊ុមប្រភេទ Aluminum Frame ហើយនិងអេក្រង់ទំហំ 6.6-inch។
លោក Pu បន្ថែមថា iPhone 17 Slim នឹងមានការឌីស្សាញថ្មីខុសពីម៉ូដែល iPhone ម៉ូដែល Plus បច្ចុប្បន្ន។ ជាមួយគ្នានេះលោកJeff Pu បានបង្ហើបពីម៉ូដែល iPhone 17 Pro Series ផងដែរ ដោយលោកបង្ហើបថា iPhone ម៉ូដែល Pro ឆ្នាំ 2025 នឹងរក្សាការរចនាអេក្រង់ និងទំហំអេក្រង់ដូចគ្នានឹងម៉ូដែល iPhone 16 Pro បច្ចុប្បន្នដដែល។
iPhone 17 Pro និង iPhone 17 Pro Max នឹងបំពាក់បន្ទះឈីប A19 Pro ភ្ជាប់ដោយរ៉េមទំហំ 12GB, កាមេរ៉ា Telephoto ទំហំ 48MP និងកាមេរ៉ាសែលហ្វីទំហំ 24MP។ ហើយសម្រាប់ម៉ូដែល iPhone 17 Pro Max នឹងមានការឌីស្សាញផ្នែក Dynamic Island តូចជាងមុន ក៏ដូចជាការប្រើប្រាស់សែនស័រ Face ID ជំនាន់ថ្មីថែមទៀតផង៕
