
នៅពេលប្រហែលជាជិត 2 ខែទៀតប៉ុណ្ណោះ ការបង្ហាញវត្តមានផ្លូវការណ៍របស់ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 នោះគឺ iPhone 16 Series ដែលនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា។ នៅពេលដែលយើងគ្រប់គ្នាកំពុងទន្ទឹងរងចាំការមកដល់នៃ iPhone 16 Series ស្រាប់តែមានលេចលឺដំណឹងទាក់ទងនឹង iPhone ជំនាន់បន្ទាប់ដែលត្រៀមបង្ហាញខ្លួននៅឆ្នាំ 2025 នោះគឺ iPhone 17 Series។
តាមរយះការទម្លាយព័ត៌មានថ្មីដោយ Ice Universe បានធ្វើការចែករំលែកព័ត៌មាននៅលើគណនី Weibo ថា iPhone 17 Series នឹងមាន 4 ម៉ូដែលដដែល ប៉ុន្តែ មានការផ្លាស់ប្តូរមួយម៉ូដែលចេញ គឺម៉ូដែល iPhone 17 Plus ត្រូវជំនូសដោយ iPhone 17 Slim ដូចនេះមានន័យថា iPhone 17 Series គឺមាន iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone 17 Slim ថ្មី។ សម្រាប់ម៉ូដែល iPhone 16 និង iPhone 17 Pro គឺនឹងមានអេក្រង់ទំហំ 6.27-inch ខណៈម៉ូដែល iPhone 17 Slim និង iPhone 17 Pro Max គឺនឹងមានអេក្រង់ទំហំ 6.65-inch និង 6.86-inch ហើយគ្រប់ម៉ូដែល iPhone 17 Series នឹងប្រើបច្ចេកវិទ្យាអេក្រង់ ProMotion-LTPO 120Hz refresh rate និងជាប្រភេទបន្ទះអេក្រង់ Dynamic Island ដូចៗគ្នា។
ជាមួយគ្នាប្រភពក៏បានបន្ថែមទៀង សម្រាប់កញ្ចប់កាមេរ៉ារបស់ iPhone 17 Series ក៏នឹងមានការផ្លាស់ប្តូរថ្មីពីរាងការ៉េបង្កប់លែនបីមុំ មកជាប្រភេទកញ្ចប់លែនផ្តេកទទឹងតួរ ឬ Horizon ជាពិសេសនៅលើម៉ូដែល iPhone 17 Pro Series តែម្តង។ បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយ នៅលើ iPhone 17 Pro និង 17 Pro Max នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 48MP ទាំង Primary, Telephoto និង Ultra-wide ជាមួយនឹងសែនស័រ ToF (Time-of-Flight)។ ចំនែកនៅលើម៉ូដែល iPhone 17 និង iPhone 17 Slim នឹងបំពាក់ប្រព័ន្ធកាមេរ៉ាក្រោយចំនួន 2 គ្រាប់។
សម្រាប់ផ្នែកម៉ាស៊ីនវិញ ត្រូវបានគេរំពឹងថា iPhone 17 និង iPhone 17 Slim គឺនឹងបំពាក់បន្ទះឈីប A17 Bionic ខណៈ iPhone 17 Pro និង iPhone 17 Pro Max គឺប្រើបន្ទះឈីប A19 Pro ដែលបន្ទះឈីបនេះ គឺនឹងផលិតដោយប្រើប្រាស់ប្រព័ន្ធដំណើរការខ្នាត 3nm របស់ TSMC។ iPhone ជំនាន់ថ្មីឆ្នាំ 2025 នឹងប្រើបន្ទះឈីបម៉ូឌឹមរបស់ Qualcomm សម្រាប់ប្រព័ន្ធតភ្ជាប់បណ្តាញសេវា។ បន្ថែមពីនេះ iPhone ជំនាន់ថ្មី គឺប្រើរន្ធ USB-C ល្បឿនលឿន, មុខងារ Face ID, ប្រើស៊ុមប្រភេទ Aluminum សម្រាប់ម៉ូដែល iPhone 17 និង 17 Slim ហើយនិងប្រភេទ Titanium សម្រាប់ម៉ូដែល iPhone 17 Pro និង Pro Max។

សម្រាប់តម្លៃ វិញត្រូវបានគេសន្និដ្ឋានថា iPhone 17 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $799, iPhone 17 Slim អាចនឹងមានតម្លៃប្រមាណ $1,299 ដែលជាតម្លៃចាប់ផ្តើមថ្លៃជាងគេក្នុងជំនាន់ iPhone 17 Series។ ចំនែកម៉ូដែល iPhone 17 Pro នឹងមានតម្លៃចាប់ពីខ្ទង់ $1,099 និង iPhone 17 Pro Max មានតម្លៃចាប់ពីខ្ទង់ $1,199។ ដូចរាល់ឆ្នាំដដែល គឺវត្តមានរបស់ iPhone 17 Series នឹងត្រូវបង្ហាញនៅក្នុងនៅក្នុងថ្ងៃនៃសប្តាហ៍ណាមួយក្នុងខែកញ្ញា ឆ្នាំ 2025៕
