
នេះ គឺជាដំណឹងថ្មី និងជាដំណឹងល្អបំផុតសម្រាប់អ្នកដែលចង់ទិញ iPhone ដែលមិនមែនជាម៉ូដែល Pro Series របស់ក្រុមហ៊ុន Apple។ ដោយនៅលើ iPhone នាពេលអនាគត ក្រុមហ៊ុន Apple នឹងធ្វើការបំពាក់នូវបច្ចេកវិទ្យាមួយចំនួនដូចៗគ្នាទាំងនៅលើ iPhone កម្រិត Premium និង iPhone កម្រិតថវិកា។ ដែលនេះមានន័យថា iPhone 17 និង iPhone 17 Plus នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ 120Hz ProMotion Refresh Rate ហើយតម្លៃក៏អាចនឹងថ្លៃជាងជំនាន់មុនៗផងដែរ។
Apple នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ LTPO-OLED Panel នៅលើ iPhone 17 Series ដែលនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រ iPhone។ ប្រសិនបើដំណឹងនេះ ជាការពិតមែននោះ iPhone 17 និង iPhone 17 Plus នឹងទទួលបានអេក្រង់កម្រិតខ្ពស់ជួយឲ្យការអូសបញ្ជានៅលើអេក្រង់ទទួលបានល្បឿនរអិល និងគុណភាពបង្ហាញចេញកម្រិតខ្ពស់។ បន្ថែមពីនេះ វាក៏នឹងគាំទ្រនូវមុខងារ Always On Display ថែមទៀត។ ជាមួយគ្នានេះមុខងារ ProMotion របស់ Apple ក៏ដំណើរការឆ្លាស់ល្បឿនរំអិលអេក្រង់មកនៅ 1Hz នៅពេលមិនប្រើប្រាស់ ឬក៏ប្រើប្រាស់កម្មវិធីធម្មតា ដើម្បីជួយសន្សំសំចៃថាមពលថ្ម។
ហើយគម្រោងក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាអេក្រង់ថ្មីនៅលើ iPhone ជំនាន់ក្រោយរបស់ Apple ត្រូវបានគេបង្ហើបថា Apple គ្រោងចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសចិន BOE បើបច្ចុប្បន្នគម្រោងនៃការសហការជាមួយក្រុមហ៊ុនផផលិតអេក្រង់ចិននេះនៅមានភាពបញ្ហាប្រឈមក្នុងការវាយតម្លៃគុណភាពអេក្រង់ BOE ពី Apple ក៏ដោយ ប៉ុន្តែ កិច្ចព្រមព្រៀងនេះ ត្រូវបានគេវាយតម្លៃថានឹងទទួលបានផ្លែផ្កានៅឆ្នាំ 2025។

ដោយបញ្ហាប្រឈមរបស់ BOE ស្ថិតនៅលើការបង្កើនផលិតកម្ម ដើម្បីបំពេញតម្រូវការសម្រាប់ការផលិតត្រកូល iPhone 17 ដែលជាកិច្ចការដ៏មានសារៈសំខាន់។ បន្ថែមពីនេះក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថានឹងបង្កើនកាមេរ៉ា Selfie កាន់តែធំ និងប្រសើរជាងមុនទៅ iPhone 17 ថែមទៀតផង៕
