
iPhone 18 Pro និង iPhone 18 Pro Max ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ត្រៀមដាក់លក់នៅក្នុងឆ្នាំនេះ ត្រូវបានគេទម្លាយថា នឹងមាននូវពណ៌ 'hero' ថ្មីមួយ ដែលនឹងមានការពេញនិយមខ្លាំងដូចជាពណ៌ Cosmic Orange ដែលបានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro និង iPhone 17 Pro Max ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះអញ្ចឹងដែរ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានការបង្ហើបថា វត្តមានរបស់ iPhone 18 Pro និង iPhone 18 Pro Max ឆាប់ៗនេះ គឺនឹងមានជម្រើសពណ៌ Light Blue, Dark Cherry, Dark Gray និង Silver ហើយថែមទាំងមានការបញ្ជាក់នៅលើរូបភាពម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនថ្មី iPhone 18 Pro ថែមទៀតផង។ នៅថ្ងៃនេះ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពីប្រទេសចិនបានបញ្ជាក់ពីព័ត៌មានរបស់ពណ៌ Dark Cherry hue ដែលនឹងក្លាយជាពណ៌ 'hero' ថ្មីសម្រាប់ iPhone 18 Pro និង iPhone 18 Pro Max។

សូមជំរាបថា មកដល់ពេលនេះ បើទោះបីជាមានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនហើយក៏ដោយក្រុមហ៊ុន Apple នៅមិនទាន់មានការបញ្ជាក់ច្បាស់ថា នឹងប្រើប្រាស់ឈ្មោះពណ៌នេះនៅឡើយទេ។ ដូច្នេះ "Dark Cherry" នៅមិនទាន់ក្លាយជាការពិតទេ។ ពណ៌នេះ គឺនឹងមានការលាយបញ្ចូលគ្នានូវពណ៌ Burgundy, Coffee និង Deep purple ផងដែរ។

ជាមួយការឌីស្សាញចាក់បញ្ចូលគ្នានេះ ឃើញថា ពណ៌នេះ នឹងក្លាយជាពណ៌មួយដែលមានលេចធ្លោដាច់គេ ហើយក៏មិនធ្លាប់មានប្រើប្រាស់នៅលើស្មាតហ្វូនពីមុនមកនោះទេ។ ទាក់ទងនឹងពណ៌នេះដែរ បច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតស្មាតហ្វូន Android របស់ចិនជាច្រើន បានធ្វើការចម្លងនូវពណ៌របស់ iPhone ដែលបានចេញលក់នៅលើទីផ្សារ។ ជាក់ស្តែង Cosmic Orange ដែលមាននៅលើ iPhone 17 Pro និង iPhone 17 Pro Max គឺអាចនឹងមិនមានវត្តមានទេសម្រាប់ iPhone ថ្មីៗនាពេលខាងមុខ។
