
iPhone 18 Pro Series និង Foldable iPhone នឹងបង្ហាញខ្លួននៅថ្ងៃទី 8 ខែកញ្ញាខាងមុខនេះហើយ!
យោងតាមរបាយការណ៍ថ្មីមួយនាពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple អាចនឹងមានការរៀបចំនូវព្រឹត្តិការណ៍សម្ពោធចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ iPhone នៅក្នុងសប្តាហ៍ទី 2 ខែកញ្ញាខាងមុខនេះហើយ។ ហើយនៅក្នុងស្មាតហ្វូន Foldable iPhone ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលនឹងមានឈ្មោះហៅថា iPhone Ultra ក៏អាចនឹងមានការបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iPhone 18 Pro និង iPhone 18 Pro Max ផងដែរ។

ផ្អែកតាមការទម្លាយចេញពី Mark Gurman ដែលជាអ្នកវិភាគដ៏ល្បីប្រចាំនៅស្ថាប័នព័ត៌មាន Bloomberg បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញនូវស្មាតហ្វូន iPhone ថ្មីរបស់ខ្លួននៅថ្ងៃអង្គារ ឬថ្ងៃពុធ បន្ទាប់ពីពិធីបុណ្យទិវាពលកម្ម (Labor Day)។ ហើយបើមើលទៅលើពេលវេលានេះ លោក Gurman បានជឿជាក់ថា ក្រុមហ៊ុន Apple នឹងប្រកាសចេញស្មាតហ្វូន iPhone 18 Pro និង Foldable iPhone នៅថ្ងៃទី 8 ខែកញ្ញាខាងមុខនេះហើយ។ ប៉ុន្តែក្រុមហ៊ុននេះ ក៏អាចធ្វើឡើងនៅថ្ងៃទី 9 ខែកញ្ញាបន្ទាប់ពិធីបុណ្យទិវាពលកម្ម (Labor Day) នៅថ្ងៃទី 7 ខែកញ្ញាផងដែរ។

ប្រសិនបើក្រុមហ៊ុន Apple ជ្រើសរើសនូវព្រឹត្តិការណ៍នៃការសម្ភោធន៍ថ្ងៃទី 9 ខែកញ្ញាខាងមុខនេះ Gurman បានបង្ហាញនូវការរំពឹងថា ការ Pre-order ទៅលើស្មាតហ្វូននេះ គឺចាប់ផ្តើមនៅថ្ងៃ 10 ខែកញ្ញានេះ។ ស្មាតហ្វូន iPhone ថ្មីនេះ អាចនឹងលក់ជាផ្លូវការនៅមួយខែក្រោយ។ ថ្មីៗនេះ ក្រុមហ៊ុន Apple អាចនឹងបង្កើនទៅលើតម្លៃទៅលើផលិតផលជាច្រើនរបស់ខ្លួន ខណៈពេលដែលស្មាតហ្វូន iPhone 18 Pro អាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូនជំនាន់មុនៗ៕
