ស្វែងរកពួកយើង:

iPhone 18 Series នឹងដំណើរការនៅលើបន្ទះឈីបថ្មីខ្នាត 2nm របស់ TSMC ដែលមានអនុភាពកាន់តែខ្លាំង

ដោយ

Koun Jab Luffy

23 មេសា 2025 09:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេព្យាករណ៍ថា មានគម្រោងក្នុងការបង្កើននូវអនុភាពនៃប្រព័ន្ធដំណើរការនៅលើអនាគតទូរស័ព្ទ iPhone របស់ខ្លួន។ យោងទៅលើប្រភពព័ត៌មានចចាមអារាម បាននិយាយថា ទូរស័ព្ទ iPhone ជំនាន់ថ្មី គឺ iPhone 18 Series ដែលនឹងមកដល់នៅឆ្នាំ 2026 នឹងបំពាក់នូវបន្ទះឈីបដ៏មានអនុភាពខ្លាំងក្លាបំផុត។ ប៉ុន្តែ ស្របនឹងការប្រើប្រាស់បន្ទះឈីបកាន់តែមានថាមពលខ្លាំង តម្លៃរបស់ iPhone 18 ក៏នឹងកើនឡើងផងដែរ។
តាមការចេញផ្សាយនៅលើគណនី Digital Chat Station បាននិយាយថា ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់សហរដ្ឋអាមេរិកមួយនេះ មានគម្រោងក្នុងការបង្កើនអនុភាពកំលាំងនៅលើ iPhone 18 Series ជាមួយនឹងការប្រើប្រាស់បន្ទះឈីបថ្មីខ្នាត 2nm ដែលផលិតដោយក្រុមហ៊ុន TSMC។ បន្ទះឈីបថ្មីនេះ នឹងធ្វើឲ្យ iPhone 18 មានអនុភាពដំណើរការកាន់តែអស្ចារ្យ ប៉ុន្តែ ក៏នឹងធ្វើឲ្យតម្លៃរបស់ iPhone ឡើងថ្លៃផងដែរ។ កត្តាឡើងថ្លៃដោយសារតែ បច្ចេកវិទ្យាក្នុងការផលិតបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm របស់ TSMC ក៏មានតម្លៃថ្លៃខ្លាំងផងដែរ។
តាមការព្យាករណ៍តម្លៃរបស់ iPhone 18 Series នឹងមានតម្លៃថ្លៃជាង iPhone ជំនាន់បច្ចុប្បន្ន ក៏ដូចជាជំនាន់ iPhone 17 ដែលត្រៀមបង្ហាញខ្លួននៅចុងឆ្នាំនេះថែមទៀតផង។ ទោះជាយ៉ាងណា Apple ត្រូវបានគេប៉ាន់ប្រមាណថា នឹងប្រើនូវបច្ចេកវិទ្យាបន្ទះឈីបថ្មីខ្នាត 2nm ផ្តាច់មុខតែនៅលើម៉ូដែលកំពូលគឺ iPhone 18 Pro និង iPhone 18 Pro Max តែប៉ុណ្ណោះ។ ក្នុងរបាយការណ៍ពី DCS អះអាងថាការកំណត់ក្នុងការផលិត គឺផ្អែកលើចំនួនផលិតកម្មដំបូង។ ខណៈពេលដែលអ្នកវិភាគបានអះអាងថា តម្លៃអាចនឹងកើនឡើង គ្រាន់តែមិនទាន់ដឹងថាកើនឡើងក្នុងតម្លៃប៉ុន្មាននៅឡើយទេ។
Article image
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការចំណាយកើនឡើងនៃសមាសធាតុ និងស្ថានភាពពន្ធបច្ចុប្បន្ន ការចំណាយអាចខ្ពស់ជាងយ៉ាងខ្លាំង។ បើផ្អែកលើរបាយការណ៍ដែលបានចេញផ្សាយលើកមុនបានឲ្យដឹងថា iPhone 18 Pro Series អាចនឹងក្លាយជា iPhone ដំបូងគេដែលមានកាមេរ៉ាគាំទ្រមុខងារ Variable Aperture រួមជាមួយនឹងការបដិវត្តន៍ថ្មីនៅលើកាមេរ៉ាផ្សេងទៀតថែមទៀតផង៕
iPhone 18 Series នឹងដំណើរការនៅលើបន្ទះឈីបថ្មីខ្នាត 2nm របស់ TSMC ដែលមានអនុភាពកាន់តែខ្លាំង