
ដូចដែលយើងបានដឹងរួចហើយថា Apple កម្រនឹងមានការផ្លាស់ប្តូររចនាបថទូរស័ព្ទ iPhone របស់ខ្លួនណាស់ ដោយមួយចំនួនទៅមួយជំនាន់របស់ iPhone ហាក់រក្សាការឌីស្សាញស្ទើរតែដូចគ្នាទាំងស្រុង គ្រាន់តែមានការកែប្រែតិចតួច បំពាក់បច្ចេកវិទ្យាថ្មីមួយចំនួន និងកំលាំងម៉ាស៊ីន ឬប្រព័ន្ធសែនស័រកាមេរ៉ាប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមប្រភពព័ត៌មានថ្មីៗដែលបានចេញផ្សាយមួយរយះក្រោមមកនេះ បានបង្ហើបថា Apple មានបំណងក្នុងការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញថ្មីសម្រាប់ទូរស័ព្ទ iPhone 17 Series ដែលចេញនៅត្រីមាសទីបីឆ្នាំនេះ ជាពិសេសនៅលើម៉ូដែល iPhone 17 Pro តែម្តង។
បើតាមរូបភាព និងរបាយការណ៍នានាបាននិយាយថា iPhone 17 Pro និង 17 Pro Max នឹងទទួលបានការឌីស្សាញផ្ទៃកាមេរ៉ាក្រោយថ្មីដែលលាតពីគែមខាងឆ្វេងដល់គែមខាងស្តាំ ប៉ុន្តែ រក្សាលែនកាមេរ៉ាភ្នែកបីនៅកន្លែងដដែល លើកលែងតែសែនស័រ LiDAR អំពូល LED Flash និងរន្ធម៉ិចត្រូវប្តូរមកជិតគែមខាងស្តាំវិញ។
ហើយការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថា Apple បាននឹងកំពុងពិចារណាក្នុងការផ្លាស់ប្តូរការឌីស្សាញថ្មីសម្រាប់ជំនាន់ថ្មីនៃ iPhone ជារៀងរាល់ឆ្នាំ ដែលអាចចាប់ផ្តើមពីឆ្នាំ 2025 នេះ។ យោងទៅលើប្រភពព័ត៌មានដែលទម្លាយចេញដោយគណនី Digital Chat Station បាននិយាយថា Apple នឹងមានការផ្លាស់ប្តូរការឌីស្សាញថ្មីមួយចំនួនដោយចាប់ផ្តើមពី iPhone ជំនាន់ឆ្នាំ 2025 នេះទៅ។

ប្រភពដដែលបានបញ្ជាក់ទៀតថា សម្រាប់ជំនាន់ iPhone 18 Series ដែលចេញនៅឆ្នាំ 2026 នឹងមានការកែប្រែផ្ទៃមុខថ្មី ដោយនឹងលែងប្រើផ្ទៃមុខដែលមានការឌីស្សាញជាមួយលែន Pilled-Shaped module សម្រាប់ដាក់សែនស័រស្កែនមុខ ឬកាមេរ៉ាសែលហ្វីទៀតហើយ ដោយនឹងជំនួសមកវិញនូវផ្ទៃមុខដែលមានលែនទំលុះ Punch-hole សម្រាប់សែនស័រកាមេរ៉ាសែលហ្វី រីបច្ចេកវិទ្យាស្កែនផ្ទៃមុខ ឬ Face ID នឹងត្រូវបង្កប់នៅក្រោមអេក្រង់ under-display Face ID tech ជំនួសវិញ។
DCS ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ជំនាន់ iPhone 19 ដែលចេញនៅឆ្នាំ 2027 នឹងប្រើប្រាស់នៅបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរ និងបច្ចេកវិទ្យាកាមេរ៉ាសែលហ្វីក្រោមអេក្រង់ ដូចនឹងស្មាតហ្វូន Android កំពូលរបស់ Xiaomi ដែរ។ ដូចនេះ iPhone 19 នឹងក្លាយជាទូរស័ព្ទ iOS ដំបូងគេដែលគ្មានរន្ធទំលុះអេក្រង់ និងជា iPhone ដែលមានអេក្រង់លាតពេញគែមតែម្តង៕
