ស្វែងរកពួកយើង:

iPhone 20 Series នឹងបង្ហាញខ្លួននៅឆ្នាំ 2027 ក្នុងឱកាសអបអរខួប 20 ឆ្នាំរបស់ Apple

ដោយ

Koun Jab Luffy

23 តុលា 2025 10:27 ព្រឹក

អាន 2 នាទី

Article image
ផ្អែកតាមការលើកឡើងនៅក្នុងរបាយការណ៌មុននេះ បានបង្ហើបថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនសម្រាប់ខួបអនុស្សាវរីយ៍ លើកទី 20 នៃវត្តមានរបស់ iPhone នៅឆ្នាំ 2027 ខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយ ក៏បានត្រៀមនាំយកនូវភាពអស្ចារ្យតាមរយៈការឌីស្សាញរូបរាងកាន់តែថ្មី និងការផ្លាស់ប្តូរមួយចំនួនសម្រាប់សមិទ្ធិផលថ្មីរបស់ខ្លួនដែលគ្រោងនឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ប្រវត្តិសាស្រ្តនេះផងដែរ។
នៅពេលេនះ ប្រសិនបើមើលទៅតាមលេខរបស់ iPhone 2027 នោះ គឺអាចនឹងមានឈ្មោះ iPhone 19 ប៉ុណ្ណោះ។ យោងតាមលោក Heo Moo-yeol ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ស្ថាប័ន Omdia បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Apple អាចនឹងមានការរំលងនូវលេខមួយនេះ ដោយអាចនឹងប្រើប្រាស់ឈ្មោះថ្មី iPhone 20 វិញ។ ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា អាចនឹងស្រដៀងគ្នាទៅនឹងយុទ្ធសាស្រ្តដែលក្រុមហ៊ុន Apple បានធ្វើនៅលើស្មាតហ្វូន iPhone X កាលពី 2017 អញ្ចឹង។
Article image
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៌ខួបលើកទី 10 របស់ iPhone ក្រុមហ៊ុន Apple គឺមានការផ្លាស់ប្តូររូបរាងថ្មីទៅលើការឌីស្សាញ ទៅលើ iPhone របស់ខ្លួន ដូចនេះសម្រាប់ខួបលើកទី 20 នេះ អាចនឹងកើតឡើងបែបនេះម្តងទៀតនៅលើស្មាតហ្វូន iPhone ជំនាន់ថ្មី។ស្មាតហ្វូនជំនាន់ថ្មី iPhone 20 Series នេះ នឹងក្លាយជាចំណុចរបត់ថ្មីមួយទៀតសម្រាប់ការឌីស្សាញទៅលើស្មាតហ្វូន iPhone ហើយរបាយការណ៍ជាច្រើនមុននេះបញ្ជាក់ថា អេក្រង់នេះគឺពេញអេក្រង់មិនមានគែមនោះទេ។
Article image
ប្រភបខាងលើនេះបន្តថា ក្រុមហ៊ុន Apple អាចនឹងបោះបង់ចោលនូវ iPhone 18 នៅឆ្នាំក្រោយនេះ ជាមួយនឹងការប្រើប្រាស់នូវឈ្មោះថ្មី ដែលមានដូចជា iPhone Air និង iPhone Pro រួមជាមួយនឹងស្មាតហ្វូនអេក្រង់បត់បានថ្មី iPhone Fold។ ហើយបើមើលទៅលើឆ្នាំ 2027 ខាងមុខនេះវិញ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 20 Series ដែលនឹងមានស្មាតហ្វូន iPhone 20 Pro, Air និង Fold 2 នេះដូចគ្នា៕