ស្វែងរកពួកយើង:

iPhone Foldable ដំបូងបំផុតរបស់ Apple អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 ដើម្បីប្រកួតប្រជែងជាមួយ Galaxy Z Flip 8

ដោយ

Koun Jab Luffy

25 កក្កដា 2024 10:01 ព្រឹក

អាន 3 នាទី

Article image
Samsung គឺជាម៉ាកយីហោស្មាតហ្វូនដ៏ធំដំបូងគេនៅលើពិភពលោក ដែលបានបង្ហាញចេញនូវស្មាតហ្វូនបត់បាន Flip-style Foldableទៅលើទីផ្សារ។ ស្មាតហ្វូន Galaxy Z Flip ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 ហើយចាប់ពីពេលនោះមកមានសំណួរជាច្រើនដែលសួរថាតើ ក្រុមហ៊ុន Apple អាចនឹងបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួនដែរឬទេ។ បើទោះបីជាមិនទាន់មានចម្លើយច្បាស់ពីរឿងនេះក៏ដោយ នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Apple គឺបាននឹងកំពុងតែតេស្តទោលើបច្ចេកវិទ្យាថ្មីសម្រាប់ស្មាតហ្វូនបត់បាននេះហើយ។
នៅពេលនេះមានការរាយការណ៍ថា ស្មាតហ្វូនអេក្រង់បត់បាន Foldable iPhone ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ។ បើតាមរបាយការណ៍មួយចេញពី DigiTimes គឺបាននិយាយាថា ក្រុមហ៊ុន Apple ក៏ធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន Foldable iPhone ដែលអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ។ ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន Foldable iPhoine នៅក្នុងឆ្នាំនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុន Apple មានការអភិវឌ្ឍន៍ទៅលើស្មាតហ្វូនរយៈពេល 2 ឆ្នាំមកហើយនោះ មានការរំពឹងថា ក្រុមហ៊ុននេះ ទំនងជាបង្ហាញនូវស្មាតហ្វូនបត់បាននេះនៅក្នុងឆ្នាំ 2026។
របាយការណ៍ដដែលនេះ បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន Foldable iPhone ថ្មីនេះ គឺនឹងមានទម្រង់នៃការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Flip 6 អញ្ចឹង ហើយបន្ថែមពីនេះ នៅពេលដែលស្មាតហ្វូននេះបើក ស្មាតហ្វូននេះនឹងមានទម្រង់វិមាត្រដូចទៅនឹងស្មាតហ្វូន iPhones បច្ចុប្បន្ននេះ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន Galaxy Z Flip 8 ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី ២ ឆ្នាំ 2026 នេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូននេះ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងក្នុងការទិញអេក្រង់ពីក្រុមហ៊ុន Samsung Display ដែលនេះ គឺជាដំណឹងដ៏ល្អរបស់ក្រុមហ៊ុន Samsung។ ខណៈពេលដែលស្មាតហ្វូន Foldable iPhone នេះអាចនឹងនាំអោយមានការប្រកួតប្រជែងធំនៅលើទីផ្សារនោះក្រុមហ៊ុននេះ ក៏អាចនឹងរកប្រាក់បានច្រើនតាមរយៈការលក់ទៅលើអេក្រង់ foldable OLED panels នេះ ផងដែរ។
ក្រុមហ៊ុន Samsung ត្រូវបានរៀបចំអោយបានល្អសម្រាប់ការប្រកួតតប្រជែងជាមួយនឹងស្មាតហ្វូនបត់បាន foldable iPhone នេះ។ នៅពេលដែលក្រុមហ៊ុន Samsung បង្ហាញនូវស្មាតហ្វូន Galaxy Z Flip 8 នេះ ក្រុមហ៊ុននេះ នឹងត្រូវដោះស្រាទៅលើបញ្ហានៃស្នាមបត់ទៅលើអេក្រង់ ការធ្វើអោយប្រសើរឡើងទៅលើការប្រើប្រាស់អេក្រង់ខាងក្រៅ និងការនាំយកនូវកាមេរ៉ាកាន់តែប្រសើរ និងថាមពលថ្មធំជាងមុនថែមទៀតផង។
Article image
គួរបញ្ជាក់ថា របាយការណ៍ជាច្រើនមុននេះ ក៏បានអះអាងដែរថា ដោយសារតែការលក់ iPhone ធ្លាក់ចុះនៅក្នុងទីផ្សាររបស់ប្រទេសចិននោះ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាននេះ ដើម្បីពង្រឹងទៅលើការលក់របស់ខ្លួនផងដែរ៕
iPhone Foldable ដំបូងបំផុតរបស់ Apple អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 ដើម្បីប្រកួតប្រជែងជាមួយ Galaxy Z Flip 8