
ក្រុមហ៊ុន Apple មានពាក្យចចាមអារ៉ាមថាកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថវិកា iPhone SE ។ ខណៈពេលដែលយើងបានឃើញនូវការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន iPhone SE 4 នេះ របាយការណ៍ជាច្រើនមុននេះក៏បង្ហើបអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកា iPhone នេះផងដែរ។ បផតាមការបញ្ជាក់ចេញពីសារព័ត៌មាន Aju News នោះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Apple នឹងធ្វើការផលិតទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ហើយ ដោយអាចនឹងលក់នៅក្នុងខែមីនាឆ្នាំ 2025 នេះ។
សូមជំរាបថា ស្មាតហ្វូន iPhone SE 3 ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2022។ ផ្អែកលើការលើកឡើងនេះ សារព័ត៌មាន Aju News បាននិយាយថា ស្មាតហ្វូន iPhone SE 4 នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលជាមួយគ្នា។ យើងបានឃើញនូវរបាយការណ៍មួយនៅក្នុងខែតុលានេះ ដែលបានអះអាងថា ស្មាតហ្វូន iPhone SE 4 នឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះ។

របាយការណ៍ថ្មីខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Apple ក៏នឹងមានការសហការជាមួយនឹងក្រុមហ៊ុន LG Innotek នៅក្នុងការផ្គត់ផ្គង់នូវម៉ូឌុលកាមេរ៉ាសម្រាប់ស្មាតហ្វូន iPhone SE 4 ។ ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple នេះនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងខែធ្នូខាងមុខនេះ។

ក្រុមហ៊ុន LG នឹងផ្គត់ផ្គង់នូវម៉ូឌុលកាមេរ៉ាសម្រាប់ក្រុមហ៊ុន Apple រយៈពេល 3 ខែមុនការបង្ហាញនូវ iPhone ថ្មីរបស់ក្រុមហ៊ុន Apple។ ដូចនេះ ខែមីនាឆ្នាំ 2025 នឹងក្លាយជាកាលបរិច្ឆេទផ្លូវការក្នុងការប្រកាសស្មាតហ្វូនថ្មីនេះ។ ជាចុងក្រោយ របាយការណ៍ខាងលើនេះ បានបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 នេះគឺមានកាមេរ៉ាក្រោយទំហំ 48MP ធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ គឺមានកាមេរ៉ាត្រឹមតែ 12MP ប៉ុណ្ណោះ។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប A18 Bionic និងមានថាមពលថ្មទំហំ 3,279mAh ដែលមានការទ្រទ្រង់នូវ Apple Intelligence បច្ចេកវិទ្យាFace ID បច្ចេកវិទ្យាសាកថ្ម 20W wired charging, Qi2 wireless charging និង MagSafe charging ថែមទៀតផង៕
