
បន្ទាប់ពីមានការប្រកាសចេញនូវស្មាតហ្វូន iPhone 16 Series រួចមក នៅពេលនេះ Apple ត្រូវបានគេមើលឃើញថា បានឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថា្នក់ថវិកាជំនាន់ថ្មី iPhone SE 4 ថែមទៀតហើយ ដោយថែមទាំងបញ្ជាក់ថា អាចនឹងមានការសម្ពោធជាផ្លូវការណ៌នៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះថែមទៀតផង។ មួយរយៈចុងក្រោយនេះ មានការទម្លាយព័ត៌មានជាច្រើនពីស្មាតហ្វូននេះផងដែរ។
ថ្មីៗនេះ មានរបាយការណ៌ថ្មី ក៏មានការបង្ហាញពីការឌីស្សាញរបស់ស្មាតហ្វូននេះ រួមជាមួយនិងរូបភាពគំរូថែមទៀតផង។ បន្ថែមពីនេះ Jukanlosreve ក៏បានទម្លាយចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ រួមជាមួយនិងតម្លៃ iPhone SE 4 ផងដែរ។
សម្រាប់អ្វីដែលគេមើលឃើញថា មានការផ្លាស់ប្តូរខ្លាំងនៅលើស្មាតហ្វូននេះ គឺការប្រើប្រាស់នូវម៉ូឌឹម 5G ដែលអភិវឌ្ឍដោយក្រុមហ៊ុន Apple មានឈ្មោះថា “Centauri.”។ ការឌីស្សាញ និងការតម្លើងដោយខ្លួនឯងនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការនាំមកនូវដំណោះស្រាយកាន់តែប្រសើរ និងមានភាពរលូន ជាពិសេស គឺមិនសូវជាពឹងផ្អែកលើការផ្គត់ផ្គត់ពីខាងក្រៅ។
ស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 នេះ នឹងមានការបោះបង់ចោលអេក្រង់ LCD ដោយងាកមកប្រើប្រាស់អេក្រង់ LTPS OLED មានទំហំ 6.06-អ៊ីង បង្ហាញចេញបានទំហំ 2,532x1,170 ហើយនិងមានកម្រិតពន្លឺ peak brightness 800 nits។ អេក្រង់នេះ ក៏មានការបំពាក់នូវស្រទាប់សេរ៉ាមិកការពារអេក្រង់ ដូចអ្វីដែលបានឃើញនៅលើ iPhone 14 series អញ្ចឹងដែរ។ ប្រភពដដែលនេះ បន្តថា នៅលើស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់បន្ទះឈីប A18 ហើយនិងមានរ៉េមទំហំ 8GB of LPDDR5X RAM ហើយថែមទាំងមានការទ្រទ្រង់នូវបច្ចេកវិទ្យា Apple Intelligence features ថែមទៀតផង។
និយាយពីការថតរូបវិញ នៅលើស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាគោលមួយគ្រាប់ទំហំ 48MP Sony Exmor IMX904 sensor និងកាមេរ៉ាមុខមានទំហំ 12MP front-facing shooter។ ស្មាតហ្វូន Phone SE 4 នេះ អាចនឹងមានទំហំ 146.7x71.5x7.8mm និងមានថ្មទំហំ 3,279mAh ដែលធំជាងមុនដល់ទៅ 62%។ នៅលើស្មាតហ្វូននេះក៏មានការមុខងារ Face ID, IP68 និងមានការទ្រទ្រង់នូវកម្លាំងសាក 20W ហើយនិង Qi2 រួមនិង MagSafe wireless charging កម្លាំង 15W ថែមទៀតផង។

គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ មានការទម្លាយថា iPhone SE 4 អាចនឹងមានតម្លៃ $499 និង $549 ហើយអាចនឹងមានការប្រកាសចេញនៅលើទីផ្សារនាខែមីនាឆ្នាំ 2025 ខាងមុខ។
