
យោងទៅលើរបាយការណ៍ចុងក្រោយនេះ បាននិយាយថាផលិតផលបំពាក់អេក្រង់បត់របស់ Apple គឺ Foldable iPhone និង iPad នឹងមកដល់ផ្លូវការណ៍នៅឆ្នាំក្រោយ (2026)។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិត Android បាននឹងកំពុងមានការប្រគូតប្រជែងគ្នាខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់ជាមួយនឹងការបញ្ចេញស្មាតហ្វូនអេក្រង់បត់របស់ពួកគេម្នាក់ៗជាច្រើនជំនាន់មកហើយ ដែលបច្ចុប្បន្ន Samsung Electronics គឺជាអធិរាជនៅក្នុងទីផ្សារស្មាតហ្វូនបត់អេក្រង់នៅលើពិភពលោក។
ងាកមកក្រុមហ៊ុនបិតាបច្ចេកវិទ្យា Apple វិញ នៅមិនទាន់បានបញ្ចេញស្មាតហ្វូនអេក្រង់បត់ខ្លួនដើម្បីប្រជែងទីផ្សារជាមួយក្រុមហ៊ុនផលិតស្មាតហ្វូន Android នៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ ត្រូវបានរបាយការណ៍ និងព័ត៌មានចចាមអារាមជាច្រើនបាននិយាយថា កំពុងធ្វើការអភិវឌ្ឍន៍ផលិតផលិតផលបំពាក់អេក្រង់បត់របស់ខ្លួនដែលមានទូរស័ព្ទ iPhone និង iPad ជាដើម។ ហើយផលិតផលទាំងពីរនេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយឡែកក្នុងពេលថ្មីៗនេះ នៅលើគណនីទម្លាយព័ត៌មានរបស់អ្នកវិភាគល្បីឈ្មោះលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg បានបញ្ជាក់ថា Apple អាចនឹងមានគម្រោងក្នុងការប្រកាសចេញផលិតផលបំពាក់អេក្រង់បត់ម៉ូដែលដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ (2026)។ ប៉ុន្តែ មិនមានការបញ្ជាក់ថា ផលិតផលបំពាក់អេក្រង់បត់ដំបូងរបស់ Apple គឺជាទូរស័ព្ទ Foldable iPhone ឬក៏ឧបករណ៍ចល័តបន្ទះស្តើង Foldable iPad នោះទេ។
ផ្ទុយទៅវិញ មានព័ត៌មានចចាមអារាមថា Apple នឹងធ្វើការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ MacBook បំពាក់អេក្រង់បត់ Foldable Mac មុន Foldable iPhone និង iPad។ ដោយឡែកបើតាមលោក Gurman ធ្លាប់បានបញ្ជាក់ថា Foldable Mac នឹងបង្ហាញខ្លួនផ្លូវការណ៍នៅរយះពេលពីរបីឆ្នាំខាងមុខទៀតឯណោះ។ ហើយសម្រាប់ការផលិត Foldable iPhone ត្រូវបានគេនិយាយថា មានបញ្ហាប្រឈមមួយចំនួនដូចជាការគ្រប់គ្រងទៅលើគុណភាពផលិតជាដើម។

បើតាមប្រភពនានាបាននិយាយថា Apple ទំនងជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកាសចេញ Foldable iPhone នៅឆ្នាំក្រោយនេះ (2026)។ កាលពីខែធ្នូ ឆ្នាំ 2024 មានរបាយការណ៍មួយបាននិយាយថា Foldable iPhone ដំបូងរបស់ Apple គឺមានការរចនាបែបស្ទាយ notebook style “Fold” ជាជាង Clamshell folding “Flip”។ បើតាមអ្នកវិភាគមួយចំនួនបាននិយាយថា Apple នឹងមានការប្រកាសចេញ Foldable Macbook ក្នុងពេលណាមួយនៃឆ្នាំ 2026 ប៉ុន្តែ របាយការណ៍ចុងក្រោយរបស់លោក Gurman បានបង្ហាញពេលវេលាផ្ទុយពីនេះទៅវិញ៕
