ស្វែងរកពួកយើង:

iPhone អេក្រង់បត់ ទំនងជានឹងចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅចុងឆ្នាំក្រោយនេះ

ដោយ

Koun Jab Luffy

19 មីនា 2025 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
ព័ត៌មានទាក់ទងនឹងទូរស័ព្ទ iPhone បត់ ឬ Foldable iPhone ដំបូងរបស់ Apple នៅតែបន្តទម្លាយចេញជាហូរហែរនៅលើប្រព័ន្ធអនឡាញ។ ហើយនៅពេលនេះ មានប្រភពព័ត៌មានថ្មីបានទម្លាយចេញពីកាលបរិច្ឆេទក្នុងការផលិត Foldable iPhone។ បើតាមប្រភពព័ត៌មានថ្មីចុងក្រោយដែលមានទម្លាយចេញពីកំពូលអ្នកវិភាគផលិតផល iDevices របស់ Apple ដ៏ល្បាញល្បី គឺលោក Ming Chi-Kuo បានអះអាងថា Apple អាចនឹងចាប់ផ្តើមសង្វាក់ផលិតទូរស័ព្ទ iPhone អេក្រង់បត់ដំបូងរបស់ខ្លួននៅត្រីមាសទី 4 នៃឆ្នាំ 2026។
ដោយឡែកបើតាមការអះអាងពីលោក Jeff Pu ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូបផងដែរនោះ បានអះអាងថា Apple Foldable iPhone នឹងចូលក្នុងសង្វាក់ផលិតកម្មផ្លូវការណ៍នៅឆមាសទីពីរក្នុងឆ្នាំ 2026។ លោក Pu បានបញ្ជាក់ថា ផលិតផលបំពាក់អេក្រង់បត់ចំនួនពីររបស់ Apple គឺ Foldable iPad និង iPhone នឹងបង្ហាញនៅក្នុងខ្សែសង្វាក់ផលិតកម្ម New Product Introduction (NPI) របស់ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនរ៉ាប់រងការផលិតផលិតផលឲ្យ Apple ធំជាងគេនៅលើពិភពលោក។
លោក Jeff Pu បានបន្ថែមទៀតផង សង្វាក់ផលិតទ្រង់ទ្រាយធំនៃផលិតផលថ្មីទាំងពីររបស់ Apple អាចនឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំ 2026។ បើដូចនេះមែន មានន័យថា iPhone បត់ ឬ Foldable iPhone នឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារផ្លូវការណ៍នៅក្នុងឆ្នាំ 2027។
Article image
បើតាមរបាយការណ៍មួយចំនួនដែលបានចេញផ្សាយនាពេលកន្លងមកបានបង្ហើបថា Foldable iPhone នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់បត់ខាងក្នុងទំហំ 7.74-inch ដែលមានលក្ខណៈបត់ជា mini-laptop style ព្រមជាមួយអេក្រង់ខាងក្រៅទំហំ 5.49-inch។ ចំនែក Foldable iPad អាចនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ 19-inch ឯណោះ៕
iPhone អេក្រង់បត់ ទំនងជានឹងចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅចុងឆ្នាំក្រោយនេះ