
មកដល់ពេលនេះ គឺជិតដល់ថ្ងៃនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Flagships ថ្មីៗជាច្រើននៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនថ្មីៗទាំងនោះមានដូចជាស្មាតហ្វូនរបស់ក្រុមហ៊ុន vivo, Oppo, Xiaomi និង iQOO។ ខណៈពេលដែលក្រុមហ៊ុន vivo និង OPPO នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 នោះ ស្មាតហ្វូន iQOO 13 គឺត្រូវបានគេបញ្ជាក់ថា គឺមានលារប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4។ យោងតាមលោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន iQOO នេះ ក៏នឹងមានការបំពាក់នូវ Supercomputing Chip Q2 ដែលមានគោលដៅក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យថែមទៀតផង។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា Supercomputing Chip Q2 គឺជាបន្ទះឈីប ដែលមានការឌីស្សាញយ៉ាងពិសេសសម្រាប់ការលេងហ្គេម និងការបង្កើនល្បឿនទៅលើការលេងហ្គេមនៅលើស្មាតហ្វូនកាន់តែប្រសើរ។ សម្រាប់បន្ទះឈីប Supercomputing Chip Q1, ដែលប្រើប្រាស់នៅលើស្មាតហ្វូន iQOO 12 និង Neo9 series ក៏បានបង្កើនល្បឿនទៅលើការលេងហ្គេមដ៏អស្ចារ្យផងដែរ។ ដូចអ្វីដែលអ្នកអាចធ្វើការព្យាករណ៍នោះ បន្ទះឈីបនេះគឺប្រើប្រាស់សម្រាប់បច្ចេកវិទ្យា MEMC ដែលអនុញ្ញាតអោយស្មាតហ្វូននេះអាចឈានដល់កម្រិតល្បឿន 144Hz refresh rate នៅក្នុងការលេងហ្គេមកម្រិត 60@fps ដូចជាហ្គេម Genshin Impact ជាដើម។

ខណៈពេលដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ នៅមិនទាន់បានទម្លាយអំពីសមត្ថភាពនៃបន្ទះឈីប Supercomputing Chip Q2 នៅឡើយ មានការបញ្ជាក់ថា ឈីបនេះ ក៏មានការបង្កើននូវល្បឿន និងប្រសិទ្ធិភាពកាន់តែប្រសើរ។ បើតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយដែរថា បន្ទះឈីប Q2 នេះគឺមានបំពាក់នូវ parallel rendering algorithm ដែលមានការបង្កើនទៅលើប្រសិទ្ធិភាពជាងមុនដល់ទៅ 4 ដង ការប្រតិបត្តិលឿនជាងមុន 30% និងការកាត់បន្ថយថាមពលប្រើប្រាស់តិចជាងមុនដល់ទៅ 10% ។ បន្ទះឈីបនេះក៏បានតេស្តច្រើនជាង 100 ហ្គេមផងដែរ។

បន្ទះឈីបនេះ គឺមានមុខងារ ‘Game Super Resolution’ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងក្រាហ្វិកកាន់តែប្រសើរជាងមុន។ បើមើលទៅលើស្មាតហ្វូន iQOO 13 នេះ ក៏នឹងមានការឌីស្សាញជាមួយនឹងប្រព័ន្ធបំភាយកំដៅបានយ៉ាងល្អផងដែរ។ ស្មាតហ្វូននេះ នឹងមានបំពាក់នូវអេក្រង់ BOE ថ្មីដែលកាត់បន្ថយថាមពលថ្មបានដល់ទៅ 10% ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6100mAh និងទ្រទ្រង់បច្ចេកវិទ្យា 120W fast charging ថែមទៀតផង៕
