
iQOO នឹងមានការដាក់សម្ពោធជាផ្លួវការណ៌ iQOO 15 នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 20 ខែតុលានេះហើយ ខណៈដែលកាលបរិច្ឆេតសម្រាប់ទីផ្សារសកលនៅមិនទាន់បញ្ជាក់ច្បាស់នោះទេ។ យោងតាមព័ត៌មានថ្មីពី iQOO ប្រចាំប្រទេសឥណ្ឌា នៅថ្ងៃនេះ បានអោយដឹងថា iQOO 15 នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌានាខែវិច្ឆិកាខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ iQOO 13 បានប្រកាសចេញនៅលើទីផ្សារឥណ្ឌា និងទីផ្សារសកលនៅថ្ងៃតែមួយ ដូច្នេះជាមួយនិងម៉ូដែល iQOO 15 មានការជឿជាក់ថា ក្រុមហ៊ុនក៏នឹងមានការប្រកាសចេញដូចគ្នាគ្នាដែរ។
សូមជំរាបថា iQOO គឺមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ iQOO 15 នៅឡើយទេ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រុមហ៊ុននេះបានទម្លាយព័ត៌មានសំខាន់ៗរបស់ស្មាតហ្វូននេះខ្លះៗហើយ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5 SoC គាំទ្រដោយឈីប Q3 gaming និងមានអេក្រង់ទំហំ 6.85" ល្បឿន 144Hz បង្ហាញចេញបានកម្រិត 2K display ហើយនិងរត់នៅលើ OriginOS 6 ចេញពីប្រអប់តែម្តង។

នៅលើស្មាតហ្វូន iQOO 15 ក៏នឹងមានបច្ចេកវិទ្យា IP68 និង IP69-rated ហើយនិងមានថ្មទំហំ 7,000mAh ដែលគាំទ្រដោយកម្លាំងសាក 100W wired charging ផងដែរ។ ស្មាតហ្វូននេះក៏មាន wireless charging ដែរ តែមិនទាន់ដឹងកម្លាំង។ iQOO 15 នឹងមានវត្តមាននៅលើទីផ្សារចិនជាមួយជម្រើស 4 ពណ៌។
