
iQOO Neo 9 Pro 5G គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់ ក្រុមហ៊ុន iQOO បានទម្លាយនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះអស់ជាច្រើនរួចមកហើយ ស្របពេលជាមួយគ្នានេះ មួយរយៈចុងក្រោយនេះ ក៏មានផ្នែកមួយចំនួនដែលត្រូវការការបញ្ជាក់ជាផ្លូវការចេញពីក្រុមហ៊ុនផងដែរ។
ថ្មីៗនេះ លោក Nipun Marya ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iQOO នៅក្នុងប្រទេសឥណ្ឌា ក៏បានបញ្ជាក់ថា ស្មាតហ្វូន Neo 9 Pro នេះ នឹងមានការបំពាក់នូវផ្ទៃបំភាយកំដៅទំហំធំ ដែលមិនធ្លាប់មាននៅលើស្មាតហ្វូន Neo ពីមុនមកនោះទេ។ នៅក្នុងការបង្ហោះនៅលើ X មានការបញ្ជាក់ថា ផ្ទៃបំភាយកំដៅ vapor chamber cooling នៅលើស្មាតហ្វូន iQOO Neo 9 Pro នេះ គឺមានទំហំដល់ទៅ 6043mm²។ បន្ថែមពីនេះ ក៏មានការពង្រឹងច្រើនទៅលើផ្ទៃបំភាយកំដៅនេះបើធៀបជាមួយនឹងស្មាតហ្វូន iQOO Neo 7 Pro កាលពីឆ្នាំមុននេះ ដែលមានផ្ទៃទំហំត្រឹមតែ 4013mm² vapor chamber។ ស្មាតហ្វូននេះមានការបង្កើនផ្ទៃរបស់វាធំជាងមុនដល់ទៅ 167% ។

នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូន Neo 9 Pro នេះ នឹងមានតម្លៃ Rs 37,999 (~$457) សម្រាប់ទំហំ 8GB+256GB។ ខណៈដែលទំហំ 12GB+256GB នឹងមានតម្លៃខ្ពស់ជាងនេះ។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 រ៉េម LPDDR5x RAM និង UFS 4.0 storage។ ស្មាតហ្វូននេះដំណើរការនូវ FunTouch OS 14 ផ្អែកនៅលើ Android 14។ ស្មាតហ្វូន Neo 9 Pro នេះ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED display បង្ហាញចេញជាមួយនឹងកម្រិត 1.5K resolution និងមានល្បឿន 144Hz refresh rate។

ស្មាតហ្វូន iQOO Neo 9 Pro មានកាមេរ៉ាខាងមុខទំហំ 16-megapixel និងកាមេរ៉ាក្រោយមាន ទំហំ 50-megapixel Sony IMX920 មានភ្ជាប់ជាមួយនឹង OIS និងទីពីរមានទំហំ 8-megapixel ultra-wide lens ហើយនិង LED flash។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (under-display fingerprint scanner), បន្ទះឈីប Q1 supercomputing chip និង IR blaster ។ស្មាតហ្វូននេះមានពណ៌ Fiery Red និង Conqueror Black ៕
