
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក iQOO ត្រូវបានគេដឹងថា បានត្រៀមខ្លួនក្នុងប្រកាសចេញ Tablet ជំនាន់ថ្មីម៉ូដែល Pad Air ក្នុងពេលឆាប់ៗនេះ។ ហើយនៅពេលនេះ Tablet ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថា័ន 3C របស់ប្រទេសចិន។ យោងទៅលើការចុះបញ្ចីរបស់ស្ថាប័ន 3C បានបង្ហាញថា iQOO Pad Air មានលេខកូដសំគាល់ម៉ូដែល iPA2451 ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging ជាមួយនឹងឆ្នាំងសាកដែលមានលេខកូដ V4440L0A0-CN។
ហើយថ្មីៗនេះនៅលើបញ្ចីរបស់ស្ថាប័ន Google Play-Support Devices ក៏បានបង្ហាញថា iQOO Pad Air គឺមានលេខកូដ iPA2451។ យ៉ាងណាមិញ សម្រាប់លេខកូដឧបករណ៍នេះត្រូវបានបង្ហាញរួចហើយជាមួយនឹងម៉ូដែល vivo Pad Air ដែលបានបង្ហាញវត្តមានផ្លូវការណ៍រួចរាល់ហើយ។ ដូចនេះ សបញ្ជាក់ថា iQOO Pad Air គឺជាម៉ូដែលប្រែឈ្មោះពី vivo Pad Air ដែលបានបង្ហាញវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។iQOO Pad Air ឬ vivo Pad Air គឺជា Tablet ដែលមានអេក្រង់ទំហំ 11.5-inch គាំទ្រកម្រិតបង្ហាញ 2.8K ខ្នាត 3:2 aspect ratio គាំទ្របច្ចេកវិទ្យាចាក់ពណ៌កម្រិតស្តង់ដារ DCI-P3 រួមទាំងមានល្បឿន refresh rate 144Hz។

Tablet ស៊េរីថ្មីនេះ បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 870 ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB, មានថ្មទំហំ 8,500mAh និងគាំទ្រកំលាំងសាកថ្មល្បឿនលឿន 44W Wired Fast Charging។ បន្ថែមពីនេះ vivo Pad Air ក៏គាំទ្រការប្រើប្រាស់ជាមួយនឹងប៊ិច vivo Pencil 2 Stylus ថែមទៀតផង។ លើសពីនេះទៅទៀត vivo Pad Air នៅគាំទ្រប្រព័ន្ធសេវា 5G Wi-Fi, Bluetooth 5.2, NFC, និង USB-C (USB 3.0)។ Tablet ជំនាន់ថ្មីនេះមានផ្ទៃខាងក្រោយផលិតពីលោហៈធាតុជាមួយកម្រាស់ស្តើងត្រឹម 6.67mm និងទំងន់ 530 ក្រាម។

ដោយឡែកសម្រាប់គុណសម្បត្តិរបស់ iQOO Pad Air នៅពេលនេះ មិនទាន់ត្រូវបានគេបញ្ជាក់លម្អិត ថា តើរក្សាគុណសម្បត្តិដូចគ្នានឹង vivo Pad Air ដែល ឬយ៉ាងណា។ បើតាមប្រភពចុងក្រោយបានបញ្ជាក់ថា iQOO Pad Air អាចនឹងបង្ហាញវត្តមាននៅក្នុងខែណាមួយនៅត្រីមាសទីពីរ ឆ្នាំ 2024 បន្ទាប់ពីការបង្ហាញវត្តមានផ្លូវការណ៍របស់ vivo Pad 3៕
