
នៅពេលនេះ ក្រុមហ៊ុន iQOO ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Z series របស់ខ្លួន ដែលម៉ូដែលថ្មីនេះ នឹងមានឈ្មោះហៅថា iQOO Z9។ ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបាននិយាយអំពីព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះ ស្របពេលជាមួយគ្នានេះ មានអ្នកទម្លាយម្នាក់ ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូន Z9 5G នេះផងដែរ។
ព័ត៌មាននេះ ត្រូវបានគេឃើញថា មានការទម្លាយចេញពីអ្នកទម្លាយ Digital Chat Station ដែលបានចែករំលែកនូវព័ត៌មាននេះនៅលើ Weibo។ បើមើលទៅលើការបង្ហោះអនឡាញនេះ ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន iQOO Z9 ដែលមានអេក្រង់ OLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K។ សូមជំរាបថា កាលពីសប្តាហ៍មុននេះ ស្មាតហ្វូន iQOO Z9 5G នេះក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG ជាមួយនឹងលេខកូដ I2302 ថែមទៀតផង។

នៅក្នុងបញ្ជីខាងលើនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Bluetooth 5.3 ផងដែរ។ ហើយរបាយការណ៍នៅចុងខែមករាឆ្នាំ 2024 កន្លងទៅនេះ ក៏មានការទម្លាយទៅលើបន្ទះឈីបនៅលើស្មាតហ្វូន iQOO Z9 នេះផងដែរ។ ស្មាតហ្វូន iQOO Z9 នេះនឹងមានបន្ទះឈីប MediaTek Dimensity 8300 SoC។ ស្មាតហ្វូនថ្មីនេះគឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន iQOO Z8 ដែលបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2023 នេះ ជាមួយនឹងបន្ទះឈីប Dimensity 8200។

ស្មាតហ្វូន iQOO Z8 នេះ មានថាមពលថ្មទំហំ 5,000mAh ខណៈពេលដែលស្មាតហ្វូន iQOO Z9 មានថាមពលថ្មធំជាងមុន។ សម្រាប់ស្មាតហ្វូន Z8 គឺមានបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាភ្លោះទំហំ 64-Megapixel Dual ថែមទៀតផង៕
