ស្វែងរកពួកយើង:

JAC JS9 ឡាន SUV Off-Road ថ្មីប្រើម៉ាស៊ីនម៉ាស៊ូត 2.0-litre ត្រៀមមកប្រជែងជាមួយ Ford Everest នាពេលឆាប់ៗខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

06 មេសា 2026 04:49 ល្ងាច

អាន 3 នាទី


Article image

ក្រុមហ៊ុនផលិតរថយន្ត JAC ប្រចាំនៅអូស្ត្រាលីបានប្រកាសចេញជាផ្លូវការណ៍ថា ខ្លួនបានត្រៀមបញ្ចេញលក់ឡានប្រភេទ off-road SUV ស៊េរីថ្មីដើម្បីប្រជែងទីផ្សារក្នុងប្រទេសអូស្ត្រាលីឆាប់ៗខាងមុខនេះ។ ឡាន off-road SUV ស៊េរីថ្មីនេះ គឺមានឈ្មោះថា JAC JS9 ដែលជាប្អូនបង្កើតរបស់ម៉ូដែល JAC T9 diesel ute។ JAC JS9 នឹងក្លាយជាគូប្រកូតប្រជែងទីផ្សារឡាន off-road ក្នុងទីផ្សារអូស្ត្រាលីចេញពីក្រុមហ៊ុន LDV, GWM, Ford និង Isuzu ជាដើម។

លោក Ahmed Mahmoud នាយកគ្រប់គ្រងក្រុមហ៊ុន JAC Australia បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា JAC កំពុងធ្វើការពិចារណាក្នុងការនាំយកនូវរថយន្តស៊េរីថ្មីមួយម៉ូដែលបន្ថែមទៀតសម្រាប់ទីផ្សារអូស្ត្រាលី ហើយក្នុងពេលនេះ សង្វាក់ក្នុងការផលិតរថយន្តប្រភេទ SUV ស៊េរីថ្មី បានស្ថិតនៅក្រោមដំណាក់កាលដំណើរការ។ JAC JS9 ត្រូវបានគេដឹងថា គឺត្រូវបានផលិតដោយប្រើប្រាស់ទម្រង់រូបរាងស្រដៀងគ្នានឹងម៉ូដែល JAC T9 ដែលកំពុងមានវត្តមានលក់នៅលើទីផ្សារដូចជា អាមេរិកខាងត្បូង អាហ្វ្រិកខាងត្បូង និងរុស្ស៊ី។

JAC JS9 នឹងមានតួរខ្លួនប្រវែង 5,200mm/ ទទឹង 1,965mm និងកំពស់ 1,920mm ដែលធ្វើឲ្យឡាន off-road ស៊េរីថ្មីនេះ មានទំហំធំជាងបើធៀបនឹងម៉ូដែលពេញនិយម Ford Everest និងមានប្រវែងតួរខ្លួនជិតស្មើរនឹងម៉ូដែល Nissan Patrol។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា JS9 អាចនឹងប្រើម៉ាស៊ីនម៉ាស៊ូត 2.0-liter turbo diesel មាន 4 ស៊ីឡាំង ដែលប្រើនៅលើម៉ូដែល T9, ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ four-wheel-drive និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិមាន 8 វគ្គ។ ជាមួយគ្នានេះ JAC JS9 ក៏នឹងមានម៉ូដែលប្រើម៉ាស៊ីនសាំងផងដែរ សម្រាប់ទីផ្សារអន្តរជាតិ។ 

យ៉ាងណាមិញពាក់ព័ន្ធនឹងម៉ូដែល JS9 ប្រភេទ plug-in hybrid ដូចទៅនឹងម៉ូដែល JAC Hunter ute ដែលនឹងចេញលក់ឆាប់ៗនេះ គឺមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក David Zhang អនុប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន JAC Global បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីកាលពីឆ្នាំ 2025 ថា “នៅពេលអនាគតដ៏ខ្លីខាងមុខ JAC មានផែនការសម្រាប់ការផលិតឡាន SUV ដំណើរការដោយថាមពលថ្មីសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារផងដែរ”។ បច្ចុប្បន្ននេះ សម្រាប់គុណសម្បត្តិ និងតម្លៃរបស់ JAC JS9 មិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការបញ្ជាក់លម្អិតឲ្យដឹងនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន JAC ហាក់មិនសូវមានសកម្មភាពខ្លាំងសម្រាប់ការចេញលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារអូស្ត្រាលីដូចក្រុមហ៊ុនរួមស្រុកផ្សេងៗទៀតឡើយ ដោយបច្ចុប្បន្ននេះ JAC បានចេញលក់រថយន្តតែមួយម៉ូដែលប៉ុណ្ណោះ គឺ JAC T9 ute ក្នុងទីផ្សារអូស្ត្រាលី ហើយក្នុងឆ្នាំ 2025 រថយន្តមួយ JAC T9 ute លក់បានចំនួន 1,582 គ្រឿង។ ស្របពេលជាមួយគ្នានេះ JAC ត្រូវបានគេដឹងថា ក៏បានត្រៀមបញ្ចេញឡាន Pick up ប្រភេទ Plug-in-hybrid ស៊េរីថ្មីម៉ូដែល JAC Hunter PHEV នៅពាក់កណ្តាលឆ្នាំ 2026 នេះដើម្បីប្រជែងទីផ្សារជាមួយ BYD Shark 6 ute និង Ford Ranger PHEV ute ជាដើម៕

Article image
JAC JS9 ឡាន SUV Off-Road ថ្មីប្រើម៉ាស៊ីនម៉ាស៊ូត 2.0-litre ត្រៀមមកប្រជែងជាមួយ Ford Everest នាពេលឆាប់ៗខាងមុខនេះហើយ