
ក្រុមហ៊ុនផលិតរថយន្ត JAC ទើបតែបានបញ្ចប់ការផលិតរថយន្ត Pickup Truck ចំនួន 30 ម៉ឺនគ្រឿងពីខ្សែសង្វាក់ផលិតកម្ម។ ខណៈពេលដែលក្រុមហ៊ុននេះបានចំណាយពេល 13 ឆ្នាំ ដើម្បីឈានដល់ទៅដល់ការផលិតរថយន្តបានចំនួន 20 ម៉ឺនគ្រឿង និងបានចំណាយពេលតិចជាងពីរឆ្នាំក្នុងការបង្កើនសង្វាក់ផលិតរបស់ខ្លួនកើនចំនួន 10 ម៉ឺនគ្រឿងបន្ថែមទៀត។ ជាមួយកំណើនក្នុងការលក់មានការកើនឡើងយ៉ាងឆាប់រហ័សក្រុមហ៊ុន JAC ពេលនេះបាននាំចេញរថយន្តប្រភេទ Pickup truck របស់ខ្លួនចូលទៅកាន់ទីផ្សារចំនួន 132 ប្រទេស។
លោក Feng Liangsen លេខាធិការនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន JAC និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Pickup របស់ក្រុមហ៊ុនបានកត់សម្គាល់ថា "រថយន្ត Pickup truck ចំនួ 30 ម៉ឺនគ្រឿងនេះមិនត្រឹមតែលទ្ធផលនៃប្រតិបត្តិការឯករាជ្យរបស់ JAC ក្នុងការផ្លាស់ប្តូរ ការអភិវឌ្ឍជាសកលប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាលទ្ធិផលដ៏អស្ចារ្យពីការខិតខំរួមគ្នារបស់ JAC ហើយវាគឺជាសមិទ្ធិផលដ៏សំខាន់មួយទៀតក្នុងការធ្វើសាកលភាវូបនីយកម្មនៃរថយន្ត Pickup Truck របស់ប្រទេសចិន។” បច្ចុប្បន្ននេះ ក្រុមហ៊ុន JAC បានដាក់លក់រថយន្តភីកអាប់ចំនួន 3 ម៉ូដែលដូចជា JAC T6, T8 Pro និង T9។

ហើយសម្រាប់រថយន្តគ្រឿងទី 300,000 គឺជាម៉ូដេល T9 ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថាជា Hunter (Hantu) ដែលម៉ូដែលនេះ ត្រូវបានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅទីក្រុង Yangzhou ខេត្ត Jiangsu កាលពីថ្ងៃទី 21 ខែឧសភា។ ជាមួយលទ្ធផលដ៏ពិសេសនេះ ក្រុមហ៊ុន JAC ក៏បានប្រារព្ធខួបលើកទី 60 ឆ្នាំ នៅទីក្រុង Hefei ខេត្ត Anhui ដែលជាទីស្នាក់ការកណ្តាល JAC។ ដោយទីស្នាក់ការកណ្តាលរបស់ JAC បានបង្កើតទៅជារោងចក្រ Hefei Jianghuai Automobile Factory ក្នុងឆ្នាំ 1964។

កាលពីឆ្នាំមុន JAC បានលក់រថយន្តភីកអាប់ចំនួន 55,000 គ្រឿងដែលក្នុងនោះប្រហែល 42,000 គ្រឿងត្រូវបាននាំចេញទៅកាន់ទីផ្សារសកល ដែលរួមមានទីផ្សារអាមេរិកឡាទីន រដ្ឋឈូងសមុទ្រ អាស៊ីកណ្តាល អឺរ៉ុប និងអូស្ត្រាលី។ JAC ជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមម៉ាករថយន្តភីកអាប់របស់ចិននៅប្រទេសម៉ិកស៊ិក ប៉េរូ និងកាហ្សាក់ស្ថាន។ ការលក់នៅលើទីផ្សារសកលរបស់ JAC បានកើនឡើង 9.9% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់ក្នុងស្រុកកើនឡើង 16.3% ដែលនាំឱ្យកើនឡើងសរុបចំនួន 11.3% ។ JAC អះអាងថាខ្លួនជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងឧស្សាហកម្មរថយន្តភីកអាប់ក្នុងប្រទេសចិន។ គិតត្រឹមដំណាច់ខែមេសាកន្លងទៅ ការលក់រថយន្តភីកអាប់របស់ JAC នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ រហូតមកដល់ពេលនេះបានចំនួន 18,200 គ្រឿង។
នៅឯព្រឹត្តិការពិព័រណ៍រថយន្តនៅទីក្រុងប៉េកាំងឆ្នាំនេះ JAC បានដាក់បង្ហាញរថយន្តអគ្គិសនីកំណែ ប្រែថ្មីរបស់ម៉ូដែល JAC T9។ ដោយម៉ូដែលថ្មីរបស់ JAC T9 គឺបានបំពាក់កញ្ចប់ថ្មប្រភេទ Lithium iron phosphate ទំហំ 88.02kWh ដែលការសាកថ្មពេញម្តងអាចបើកបានចម្ងាយផ្លូវ 500 គីឡូម៉ែត្រ។ ហើយរថយន្តអគ្គិសនី Pickup Truck ថ្មីនេះ ដំណើរការដោយប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលមានថាមពលអតិបរិមា 70kW និង 160kW ដែលបង្កើតកម្លាំងបង្វិល 176Nm និង 342Nm៕
