Freelander គឺជាម៉ាករថយន្តដំណើរការដោយថាមពលថ្មី ឬ Luxury New Energy Technology ដែលបានបង្កើតឡើងក្រោមកិច្ចសហការដ៏ស៊ីជម្រៅរវាងក្រុមហ៊ុនផលិតរថយន្តចិន Chery និងក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ចក្រភពអង់គ្លេស Jaguar Land Rover។ ម៉ាកយីហោរថយន្តឯករាជ្យ Freelander នេះ ត្រូវបានក្រុមហ៊ុនទាំងពីធ្វើការប្រកាសផ្លូវការណ៍នៅខែមិថុនា ឆ្នាំ 2024 ដែលវាត្រូវបានច្របាច់បញ្ចូលគ្នានូវប្រណិតភាពរថយន្តចក្រភពអង់គ្លេស និងបច្ចេកវិទ្យារថយន្តថាមពលថ្មីក្នុងប្រទេសចិន។

គំរូរថយន្ត Freelander ផ្លូវការណ៍ម៉ូដែលដំបូងត្រូវបានបង្ហាញរូបរាងនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show កាលពីយប់មិញនេះនៅប្រទេសចិន។ Freelander ទំនងជានឹងប្រកាសចេញផ្លូវការណ៍នៅឆមាសទីពីរក្នុងឆ្នាំ 2026 នេះ។ ផ្អែកតាមរូបភាពគំរូបានបង្ហាញឲ្យឃើញថា ការឌីស្សាញរបស់ Freelander នៅតែរក្សា DNA ភាពប្រណិតនៃម៉ាករថយន្ត Jaguar Land Rover ម៉ូដែលមួយចំនួនដូចជា Range Rover, Defender, Discovery, និង Jaguar ហើយក៏មានការលាយបញ្ចូលនូវ DNA ឌីស្សាញនៃស្រឡាយរថយន្តមួយចំនួនរបស់ Chery បច្ចុប្បន្នខ្លះដែរ។

ចំពោះការឌីស្សាញរបស់ Freelander គឺប្រភេទតួរ boxy-design បែបឡាន off-road ដោយផ្នែកខាងមុខឌីស្សាញទម្រង់រាងជាការ៉េ រំលេចជាមួយចង្កៀងបំភ្លឺពេញថ្ងៃ Daytime running light និងដាប់រំលេចដោយអក្សរម៉ាក Freelander ធំៗនៅកណ្តាល។ Freelander ស្ថិតក្នុងស្រឡាយរថយន្ត mid-to-large SUV មានកៅអីបីជួរ (6-កៅអី) រៀបជា 2x2x2 ជាមួយតួរខ្លួនប្រវែង 5,100mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ 

រថយន្តម៉ាក Freelander ម៉ូដែលដំបូងត្រូវបានគេដឹងថា នឹងធ្វើការផលិតក្នុងរោងចក្រ Changshu Factory នៅចុងឆ្នាំ 2026 នេះ។ បើតាមគម្រោងរបស់ Freelander គឺបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង នៅក្នុងប្រទេសចិននៅចុងឆមាសទីមួយនៃឆ្នាំនេះ ម៉ាកយីហោរថយន្ត Freelander ក៏គ្រោងធ្វើការនាំចេញទៅប្រកាសដាក់លក់នៅទីផ្សារទូទាំងពិភពលោកផងដែរ។ ហើយផលិតផលរថយន្តថ្មី ត្រូវបានក្រុមហ៊ុនគ្រោងនឹងចេញលក់រៀងរាល់ប្រាំមួយខែម្តង ជាមួយការរំពឹងទុកថា Freelander នឹងមានរថយន្តថ្មីសរុបចំនួនប្រាំមួយគ្រឿងក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត។ 

ស្របពេលជាមួយគ្នានេះ Freelander ក៏បានធ្វើការអភិវឌ្ឍន៍ផលិតប្រព័ន្ធគ្រោងឆ្អឹងថ្មីសម្រាប់ការផលិតរថយន្តប្រភេទ SUV ហើយ all-new platform នេះ នឹងគាំទ្រដល់ការផលិតរថយន្តទាំងប្រភេទ Plug-in-hybrid, Pure-electric និង range-extended powertrain ជាដើម។ Freelander នឹងមានការបង្ហាញចេញនូវប្រព័ន្ធសាកភ្លើងរថយន្តកម្រិត 800V high-voltage range-extended platform ផងដែរ។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិ និងលក្ខណៈបច្ចេកទេសបច្ចេកវិទ្យាផ្សេងៗដែលនឹងមាននៅលើរថយន្ត Freelander នៅមិនទាន់បានបង្ហាញលម្អិតនោះទេក្នុងពេលនេះ៕