
Jetour គឺជាម៉ាកយីហោរថយន្តវ័យក្មេងដែលមានទីផ្សាររីកចម្រើងខ្លាំងមួយទាំងនៅទីផ្សារក្នុងស្រុកចិន និងនៅលើឆាកទីផ្សាររថយន្តអន្តរជាតិ។ ដោយមានការសន្ទុះនៃការគាំទ្រខ្លាំង ថ្មីៗនេះ Jetour បានរៀបចំការជួបជុំអ្នកគាំទ្រសកល “Global Fan Festival” ថ្មីបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក ខណៈពេលដែលក្រុមហ៊ុននេះ បាននឹងកំពុងជំរុញការពង្រីកទីផ្សារនៃម៉ាកយីហោរថយន្តរបស់ខ្លួនដ៏មានមហិច្ឆតានៅលើឆាកអន្តរជាតិ។
កម្មវិធីជូបជុំមិត្តអ្នកគាំទ្រ ឬ Global Fan Festival នេះ ត្រូវបាន Jetour ធ្វើការរៀបចំឡើងកាលពីថ្ងៃទី 20 ខែធ្នូ ចុងសប្តាហ៍មុន នៅឯពិធីបុណ្យអន្តរជាតិ Abu Dhabi Liwa ដែលជាការជួបជុំការប្រមូលផ្តុំរថយន្តនៅលើវាលខ្សាច់នៃរដូវរងាដ៏ល្អបំផុតនៅមជ្ឈិមបូព៌ា ហើយក៏ជាកន្លែងដែលក្លឹបអ្នកប្រើប្រាស់រថយន្តមកពីជាង 30 ប្រទេសបានប្រមូលផ្តុំគ្នាផងដែរ។ ក្រុមហ៊ុន Jetour បាននាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់រថយន្តអន្តរជាតិរបស់ខ្លួនមកជួបជុំគ្នានៅក្នុងតំបន់វាលខ្សាច់ Liwa ដែលជាពិធីបុណ្យវប្បធម៌រថយន្តដែលទាក់ទាញអ្នកទស្សនាជាង 600,000 នាក់ជារៀងរាល់ឆ្នាំ។

នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ Jetour ក៏ពាំនាំមកនូវបានបង្ហាញផលិតផលរថយន្តស៊េរីថ្មីរបស់ខ្លួន ដែលក្នុងនោះរួមមានរថយន្ត Hybrid-SUV ម៉ូដែល G700 ដែលត្រូវបានធ្វើការកែប្រែពិសេសដោយបានរួមបញ្ចូលគ្នារវាង G700 និង T-Series។ សូមបញ្ជាក់ថា Jetour គឺជាម៉ាកយីហោរថយន្តក្មេងខ្ចីមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 2018 ដែលមាន Chery Automotive ជាក្រុមហ៊ុនមេ និងបានក្លាយជាម៉ាកយីហោរថយន្តដ៏ល្បីឈ្មោះមួយនៅលើឆាកទីផ្សាររថយន្តអន្តរជាតិយ៉ាងឆាប់រហ័ស។

ដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ 2025, Jetour លក់រថយន្តនៅលើទីផ្សារពិភពលោកបានចំនួន 2.1 លានគ្រឿង ដែលមានរយះពេលប្រមាណជា 88 ខែ ដោយក្នុងនោះម៉ូដែល Jetour T2 Series បានក្លាយជាម៉ូដែលលក់ដាច់បំផុតមួយរបស់ក្រុមហ៊ុន ដោយលក់បានចំនួន 414,000 គ្រឿងក្នុងរយះពេល 26 ខែ។
បច្ចុប្បន្ននេះ Jetour បានធ្វើប្រតិបត្តិការនៅលើទីផ្សារទូទាំងប្រទេស និងតំបន់នៅលើពិភពលោកចំនួន 100 ទីតាំង ជាមួយបណ្តាញលក់ជាង និងសេវាកម្មចំនួនជាង 2,000 ទាំងទីផ្សាររថយន្តប្រើចង្កូតឆ្វេង និចង្កូតស្តាំ។ កាលពីខែមុននេះ (វិច្ឆិកា) Jetour បានធ្វើការប្រកាសចេញរថយន្ត off-road Hybrid SUV ម៉ូដែល G700 ជាផ្លូវការណ៍នៅទីក្រុងឌួបៃ។

Jetour G700 Hybrid SUV ស៊េរីថ្មីនេះ មានអនុភាពកម្លាំងខ្លាំងដល់ទៅ 900 សេះ ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 4.6 វិនាទី។ G700 មានតម្លៃខ្ទង់ប្រហែល $48,740 ដល់ $65,352 នៅទីផ្សារសហភាពអារ៉ាប់រួម។ ឡាន Hybrid off-road SUV នេះ ក៏ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារអារ៉ាប៊ីសាអូឌីតផងដែរ ដោយមានតម្លៃខ្ទង់ប្រហែល $48,000 ដល់ $61,315៕
