ស្វែងរកពួកយើង:

Kia ចេញឡានអគ្គិសនីប្រភេទ Van ដំបូង សាកភ្លើងពេញម្តង អាចជិះបាន 400 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

05 មីនា 2025 09:17 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Kia បានធ្វើការបញ្ចេញរថយន្តអគ្គិសនីប្រភេទ Van ដំបូងរបស់ខ្លួនម៉ូដែល Kia PV5។ រថយន្ត electric Van មួយនេះត្រូវបានផលិតឡើងដោយឈរនៅលើទម្រង់  Platform Beyond Vehicle (PBV)។ Kia PV5 មានជម្រើសកញ្ចប់ថ្មបីទំហំផ្សេងគ្នា គឺ 43.3kWh, 51.5kWh និង 71.2kWh ដែលម៉ូដែលប្រើកញ្ចប់ថ្ម 71.2kWh សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 400km តាមស្តង់ដារតេស្តពី WLTP។ ហើយសម្រាប់ការសាកភ្លើងវិញ គឺពី 10% ទៅ 80% ចាយពេលប្រមាណ 30 នាទី។
Kia PV5 ទាំងបីម៉ូដែល ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 120kW ឬ 161 សេះ បំពាក់នៅផ្នែកខាងមុខ។ Kia គ្រោងផ្តល់ជូននូវជម្រើស PV5 ទៅតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃដូចជា ម៉ូដែល passenger, cargo, និង chassis cab ជាដើម។ ហើយសម្រាប់ម៉ូដែល Passenger នឹងមានបំពាក់នូវកៅអីបីជួរដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ក៏ដូចជាបម្រើសេវាកម្មដឹកអ្នកដំណើរនៅក្នុងទីក្រុងជាដើម។
Article image
Kia បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Uber ដើម្បីរចនាឡានអគ្គិសនី Van របស់ខ្លួន ដើម្បីដំណោះស្រាយបញ្ហាទូទៅដែលអ្នកបើកបរជួបប្រទះ ដោយធានាថា PV5 ពិតជាសាកសមនឹងប្រភេទសេវាកម្មផ្សេងៗតាមតម្រូវការ។ រីម៉ូដែល Kia PV5 Cargo នឹងចែកជាម៉ូដែលស្តង់ដារ ម៉ូដែលមានប្រវែងបណ្តោយវែង និងម៉ូដែលមានដំបូលខ្ពស់ ជាមួយសមត្ថភាពអាចផ្ទុកទំងន់បានដល់ 5,100 លីត្រ សម្រាប់ Cargo Space។ ហើយម៉ូដែលនេះ គឺផលិតឡើងដើម្បីបំពេញតម្រូវការផ្នែកអាជីវកម្មដឹកជញ្ជូនផ្សេងៗ។
Article image
សម្រាប់ម៉ូដែល Kia PV5 Passenger និង Long Cargo គឺមានប្រវែងតួររថយន្ត 4,695mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រមាណ 2,995mm ដែលខ្លីជាងរថយន្ត VW ID.Buzz Cargo បន្តិច។
Article image
នៅផ្នែកខាងក្នុងរបស់ Kia PV5 Series មានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តក្រោយដៃចង្កូតប្រភេទ Digital Instrument Cluster ទំហំ 7-inch និងអេក្រង់កម្សាន្តទំហំ 12.9-inch Infotainment system ដែលគាំទ្រដំណើរការដោយ Android Automotive OS។ ហើយផ្នែកខាងក្នុងរបស់ Kia PV5 ទៀតសោធ គឺរចនាឡើងជាមួយភាពអាចកែតម្រូវបានជាមួយគ្រឿងបរិក្ខារចនាបែប Modular Accessories ដែលអាចដាក់បន្ថែម ឬដកចេញបានតាមតម្រូវការរបស់អ្នកប្រើ។
Article image
ឡានអគ្គិសនីប្រភេទ Van ដំបូងរបស់កូរ៉េខាងត្បូងមួយនេះ ប្រើប្រាស់នូវប្រព័ន្ធ Electric-Global Modular Platform For Service របស់ក្រុមហ៊ុន Kia ដែលជាការធ្វើបដិវត្តន៍ថ្មីពីប្រព័ន្ធ E-GMP platform។ ក្រុមហ៊ុន Kia គ្រោងនឹងចេញលក់រថយន្ត Van ម៉ូដែល PV5 នៅទីផ្សារអឺរ៉ុប និងកូរ៉េខាងត្បូងនៅឆមាសទីពីរនៃឆ្នាំនេះ ហើយទីផ្សារផ្សេងទៀតនឹងធ្វើឡើងនៅឆ្នាំ 2026៕