ស្វែងរកពួកយើង:

Kia EV9 Nightfall Edition បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ New York Auto Show 2025

ដោយ

Koun Jab Luffy

23 មេសា 2025 07:30 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Kia បានធ្វើការដាក់បង្ហាញនូវរថយន្តម៉ូដែលពិសេសសម្រាប់ម៉ូដែល Kia EV9 ដែលមានឈ្មោះថា Kia EV9 Nightfall Edition នៅក្នុងព្រឹត្តិការណ៍ពិព៌រណ៍រថយន្ត 2025 New York Auto Show ជាមួយនឹងម៉ូដែល Kia EV4។ Kia EV9 Nightfall Edition មិនត្រឹមតែមានរូបរាងកាន់តែប្រណិតហើយអំណាចជាងម៉ូដែលធម្មតានោះទេ ម៉ូដែលពិសេសក៏ត្រូវបានក្រុមហ៊ុនបង្កើនអនុភាពកំលាំងខ្លាំងជាងម៉ូដែលស្តង់ដារផងដែរ។
ការឌីស្សាញរូបរាងរបស់ EV9 Nightfall Edition គឺយកតាម DNA របស់ម៉ូដែល Kia EV9 Land Model ដែលមានរាងស្លីមប្រណិត ដោយបានបន្ថែមពណ៌ខ្មៅ Darkness និងមានលក្ខណៈបែបស្ព័រជាងម៉ូដែលស្តងដារ។ សម្រាប់ពណ៌ Darkness ត្រូវបានរំលេចនៅលើយ៉ាន់កង់ កាងខាងមុខ កន្លែងចាប់ស្លាកលេខ កញ្ចក់ចំហៀងមើលក្រោយ របាដំបូល និងស៊ុមកញ្ចក់ទ្វារ ដែលធ្វើឲ្យរថយន្តម៉ូដែលពិសេសនេះមើលទៅកាន់តែមានភាពហាប់រឹងមាំប្រណិតទាក់ទាញខ្លាំង។ Kia EV9 Nightfall Edition ប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ជាប្រភេទ Alloy រចនាបែបស្ព័រ។ ជាមួយគ្នានេះ Kia ក៏បានបន្ថែមនូវជម្រើសពណ៌ថ្មីមួយទៀត គឺពណ៌ត្នោតហៅថា Roadrider Brown បន្ថែមពីលើពណ៌ស Glacial Pearl White ដែលមានស្រាប់។
Article image
ចំនែកផ្នែកខាងក្នុងត្រូវបានរចនាឡើងជាមួយពណ៌ខ្មៅសុទ្ធតែម្តង ដោយជំនួសឲ្យពណ៌ប្រផេះ លាយខ្មៅដែលមាននៅលើម៉ូដែលស្តង់ដារ។ Kia EV9 Nightfall Edition ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរមានកំលាំងសរុប 379 សេះ និងបានបង្កើនល្បឿនពី 600Nm នៅលើម៉ូដែលស្តង់ដារឡើងដល់ 700Nm ដែលជាលទ្ធផលអាចឲ្យ Kia EV9 Nightfall Edition អាចជាន់ល្បឿនពី 0 ទៅ 96km/h ចាយពេលប្រមាណ 4.5 វិនាទី ដែលស្ទុះជាងម៉ូដែល Kia EV9 Land ដែលប្រើពេលប្រមាណ 5.7 វិនាទី និងម៉ូដែល Kia EV9 Boost ដែលប្រើពេលប្រមាណ 5.0 វិនាទី។
Article image
ទោះជាយ៉ាងណា Kia មិនទាន់បានបញ្ជាក់តម្លៃខុសគ្នារវាងម៉ូដែល Kia EV9 Land និង Kia EV9 Nightfall Edition នៅឡើយទេ។ ដោយម៉ូដែល Kia EV9 Land Model ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ €63,000 ឬប្រហែល $72,513 នៅទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់តម្លៃ Kia EV9 Nightfall Edition ត្រូវបានគេប៉ាន់ប្រមាណថាអាចមានតម្លៃក្រោមម៉ូដែល Kia EV9 GT-Line ដែលមានតម្លៃខ្ទង់ €66,600 ឬប្រហែល $75,966៕
Kia EV9 Nightfall Edition បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ New York Auto Show 2025