ស្វែងរកពួកយើង:

KIA ទម្លាក់ Mazda ចេញពីតារាងលក់រថយន្តថ្មីនៅអូស្ត្រាលី កាលពីខែសីហាកន្លងទៅនេះ

ដោយ

Koun Jab Luffy

06 កញ្ញា 2025 12:25 ថ្ងៃត្រង់

អាន 2 នាទី

Article image
កន្លងមកក្រុមហ៊ុនរថយន្តជប៉ុន Mazda បានឈរនៅលេខរៀងទី 2 នៅក្នុងតារាងលក់រថយន្តថ្មីក្នុងទីផ្សារអូស្ត្រាលី ប៉ុន្តែ កាលពីខែមុននេះ (សីហា) Mazda បានធ្លាក់មកនៅលេខរៀងទី 4 ក្នុងតារាង ដោយស្ថិតនៅពីក្រោមក្រុមហ៊ុន Toyota, Ford និង Kia វិញម្តង។ អ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ គឺក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia គឺជាអ្នកទម្លាក់ Mazda ចេញពីតារាងលក់រថយន្តថ្មីជាលើកដំបូងក្រោយរត់តាមពីក្រោយអស់រយះប្រមាណជា 3 ឆ្នាំ។
ភាពជោគជ័យរបស់ Kia នៅលើទីផ្សារអូស្ត្រាលីក្នុងពេលនេះ គឺបានមកពីការបង្ហាញវត្តមានរថយន្ត Pick up ម៉ូដែល Kia Tasman ute និងរថយន្តអគ្គិសនី ហើយនិងរថយន្តកូនកាត់ (Hybrid) ថ្មីជាច្រើន។ បើយោងតាមរបាយការណ៍ពី VFACTS បានឲ្យដឹងថា ការលក់រថយន្តថ្មីរបស់ Kia គឺមានចំនួន 7,402 គ្រឿង នៅក្នុងខែសីហាកន្លងទៅថ្មីៗនេះ កើនឡើងប្រមាណ 7% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន Mazda ជប៉ុនលក់រថយន្តថ្មីបានចំនួន  6,814 គ្រឿង ធ្លាក់ចុះប្រមាណ 17.5%។
Article image
ជាលទ្ធផលធ្វើឲ្យក្រុមហ៊ុន Kia បានឡើងមកឈរនៅលេខរៀងទី 3 ក្នុងតារាងលក់រថយន្តថ្មី ខណៈ Mazda ធ្លាក់ពីលេខ 2 មកលេខ 4 ក្នុងតារាងវិញ។ ចំនែកក្រុមហ៊ុនរថយន្តជប៉ុន Toyota ឈរនៅចំណាត់លេខ 1 ក្នុងតារាងជាមួយការលក់រថយន្តបានចំនួន 20,791 គ្រឿង ទោះបីការលក់បានធ្លាក់ចុះប្រមាណ 3% ក៏ដោយ។ រីឯក្រុមហ៊ុនអាមេរិច Ford វិញ ឈរនៅលេខរៀងទី 2 ដោយលក់រថយន្តមានចំនួន 8,002 គ្រឿង ការលក់ធ្លាក់ចុះប្រមាណ 10%។ ម៉ាករថយន្ត Ford ដែលនាំមុខក្នុងការលក់មានម៉ាក Ranger និង Everest off-road SUV។
Article image
នៅក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ 2025 ក្រុមហ៊ុនរថយន្ត Top 10 ក្នុងទឹកដីអូស្រ្តាលី គឺមានតែក្រុមហ៊ុន Kia និង Hyundai ប៉ុណ្ណោះ ដែលការលក់មានការកើនឡើង។ រថយន្តភិចអាប់ថ្មី Kia Tasman Ute លក់បានចំនួន 803 គ្រឿង កាលពីសីហា។ ហើយម៉ូដែល Kia EV3 និង EV5 SUV ក៏ជួយជម្រុញកំណើនការលក់ឲ្យក្នុងហ៊ុន Kia កើនឡើងប្រមាណ 7% ផងដែរ។ ចំនែកម៉ូដែល Kia Sportage ដែលជា mid-size SUV ក៏មានទីផ្សារលក់ល្អផងដែរក្នុងខែសីហា ដោយម៉ូដែលនេះលក់បានចំនួន 1,653 គ្រឿង។
Article image
ដោយឡែកម៉ូដែលផ្សេងទៀតរួមមាន Kia Carnival លក់បានចំនួន 899 គ្រឿង, Seltos លក់បានចំនួន 865 គ្រឿង, Kia Tasman និង Picanto លក់បានចំនួន 705 គ្រឿង។ធៀបពីមួយឆ្នាំទៅមួយឆ្នាំ រថយន្តម៉ាក Kia ចំនួន 55,554 គ្រឿងត្រូវបានចែកចាយនៅក្នុងប្រទេសអូស្ត្រាលី៕
KIA ទម្លាក់ Mazda ចេញពីតារាងលក់រថយន្តថ្មីនៅអូស្ត្រាលី កាលពីខែសីហាកន្លងទៅនេះ