ស្វែងរកពួកយើង:

Kuo: iPhone 16 Pro Max នឹងមានការពង្រីកថាមពលថ្មធំជាងមុន ហើយនិងមានសម្បកផលិតចេញពីអ៊ីណុក

ដោយ

Koun Jab Luffy

18 ឧសភា 2024 09:05 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone ត្រូវបានគេទម្លាយចេញនូវលក្ខណៈសម្បត្តិទូទៅមួយចំនួនរួចមកហើយ។ ជាក់ស្តែងថ្មីៗនេះ មានការទម្លាយនូវរូបភាពថ្មីមួយ ដែលមានការប្រៀបធៀបរវាង iPhone 15 Pro Max និង iPhone 16 Pro Max ដោយមានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មួយនេះ គឺមានទំហំខុសគ្នា។ នៅពេលនេះ ដើម្បីបង្ហាញកាន់តែច្បាស់ពីស្មាតហ្វូនថ្មីនេះ លោក Ming-Chi Kuo បានធ្វើការចែកចាយព័ត៌មានថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone Pro Max នេះហើយ ដោយថែមទាំងមានការបង្ហាញថា iPhone 16 Pro Max នឹងមានថាមពលថ្ម ធំជាងមុន។
យោងតាមការទម្លាយរបស់លោក Kuo បានបង្ហាញថា នៅលើ iPhone 16 Pro Max នឹងមានការពង្រីកថាមពលថ្មទំហំជាងមុន ដែលនឹងផ្តល់នូវការប្រើប្រាស់បានរយៈពេលបានយូរជាងមុនប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 15 Pro Max ដែលចេញលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ អ្នកទម្លាយរូបនេះ បានបន្តថា ការប្រើប្រាស់នូវថាមពលថ្មទំហំធំជាងមុននេះ នឹងមានការបំភាយកំដៅខ្លាំងជាងមុន ដូច្នេះ ដើម្បីជួយអោយថាមពលថ្មនេះ មានស្ថិរភាពនោះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់សម្បកថ្មខាងក្រៅ ផលិតចេញពីលោហៈធាតុអ៊ីណុក។ សូមជំរាបថា កាលពីពេលមុននេះ ក៏មានការទម្លាយថា ផលផិតផលគំរូ iPhone 16 Pro ក៏ធ្លាប់ត្រូវបានគេរាយការណ៌ថា ប្រើប្រាស់សមាសភាគដូចគ្នានេះដែរ។
Article image
លោក Kuo ក៏បានធ្វើការកត់សម្គាល់ថា ការប្រើប្រាស់នូវសម្បកថ្មខាងក្រៅ ផលិតចេញពីលោហៈធាតុអ៊ីណុកនេះ នឹងធ្វើអោយការផ្លាស់ប្តូរថាមពលថ្មរបស់ក្រុមហ៊ុន Apple កាន់តែមានភាពងាយស្រួល ហើយនឹងស្របតាមច្បាប់ថ្មីរបស់សហគមន៌អឺរ៉ុប ដែលទាមទារអោយមានការផ្លាស់ប្តូរថ្មនៅលើស្មាតហ្វូនផងដែរ។
Article image
លោក Kuo បានបញ្ជាក់ថា ជាមួយនិងការផ្លាស់ប្តូរថ្មីនេះ ក្រុមហ៊ុន Sunway នឹងក្លាយជាអ្នកផ្គត់ផ្គង់សម្បកថ្មខាងក្រៅដែលផលិតចេញពីលោហៈធាតុអ៊ីណុកនេះ នៅលើ iPhone 16 Pro Max ហើយប្រសិនបើរឿងនេះ ជោគជ័យនោះ ក្រុមហ៊ុន Apple ក៏ប្រហែលជាមានការផ្លាស់ប្តូរថ្មនេះ នៅលើ iPhone 17 lineup ផងដែរ។
Kuo: iPhone 16 Pro Max នឹងមានការពង្រីកថាមពលថ្មធំជាងមុន ហើយនិងមានសម្បកផលិតចេញពីអ៊ីណុក