
យោងតាមសេចក្តីរាយការណ៍នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិន Leapmotor បានប្រកាសចាប់ដៃគ្នាជាមួយនិងអ្នកប្រឹក្សាយោបល់ដ៏ល្បីរបស់អាល្លឺម៉ង់អភិវឌ្ឍទៅលើម៉ូដែលថ្មីសម្រាប់រថយន្តរបស់ខ្លួន។ តាមរយៈកិច្ចសហការគ្នានេះ ដៃគូរទាំងពីរ នឹងបញ្ចេញនូវម៉ូដែលពិសេសថ្មី Limited-Edition ទៅលើ Leapmotor C10 មានកម្លាំងខ្លាំងជាងម៉ូដែលស្តង់ដារដែលដាក់លក់កន្លងមក។ សម្រាប់ម៉ូដែលពិសសនេះ នឹងមានតែ 250 គ្រឿងប៉ុណ្ណោះ។
ជាមួយនិងការចាប់ដៃគ្នានេះ ក្រុមហ៊ុនទាំងបញ្ចេញនូវរូបភាពថ្មី ដោយមានការបង្ហាញថា Leapmotor i C10 នឹងមានយ៉ាន់កង់ 5 ប្រឡោះ និងមានគម្របពណ៌ក្រហមនៅចំកណ្តាល។ នៅផ្នែកខាងក្រោយមានការឌីស្សាញឡូហ្កូថ្មី ជាមួយនិងស្តុបក្រោយវែង ខណៈដែលអ្វីៗផ្សេងទៀតនៅមានការបិតបាំងនៅឡើយ។ ក្រុមហ៊ុនទាំងពីរគ្រោងនឹងប្រកាសចេញម៉ូដែលថ្មីនេះ នៅត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខនេះហើយ ដោយម៉ូដែល Leapmotor i C10 នេះក៏នឹងមានគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 800-volt ផងដែរ។
Leapmotor ត្រៀមដាក់លក់ Leapmotor i C10 ជាលើកដំបូងនៅលើទីផ្សារអឺរ៉ុប ដោយផ្តើមពីប្រទេសអាល្លឺម៉ង់ ជាមួយនិងជម្រើស AWD ដំណើរការនៅលើម៉ូទ័រភ្លោះ មានកម្លាំង 585 សេះ អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 4 វីនាទីប៉ុណ្ណោះ។ Leapmotor i C10 នឹងមានអាគុយទំហំ 81.9 kWh LFP និងសាកថ្មពី 30% ទៅ 80% ចំណាយពេលត្រឹមតែ 22 នាទីប៉ុណ្ណោះ។ បើតាមគម្រោងការរបស់ក្រុមហ៊ុននេះ ម៉ូដែលពិសេសនេះ Leapmotor i C10 នឹងបង្ហាញខ្លួននៅត្រីមាសទី 4 ឆ្នាំ 2025 ដែលអាចបង្ហាញវត្តមាន Zurich Motor Show នាខែតុលាខាងមុខនេះផងដែរ។

សូមជំរាប Irmscher គឺបង្កើតឡើងតាំងពីឆ្នាំ 1968 ដែលមានការផ្តោតទៅលើការឌីស្សាញរូបរាង និងការបង្កើនកម្លាំងម៉ាស៊ីនដោយមកដល់ពេលនេះ ក្រុមហ៊ុននេះបានធ្វើការងារនៅលើរថយន្តបានជាង 550,000 គ្រឿង ហើយក៏ជាដៃគូរយូរឆ្នាំរបស់ Stellantis ទៀតផង។ សម្រាប់ Leapmotor C10 គឺបានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសចិនកាលពីខែមីនាឆ្នាំ 2024។ Leapmotor C10 មានតម្លៃចាប់ពី 122,800 យ៉ន់ (17,000 USD)។ និយាយពីកម្លាំងវិញ សម្រាប់ជម្រើស BEV គឺមានការប្រើប្រាស់បច្ចេកវិទ្យាសាក 800V រត់បានចម្ងាយ 605km តាមស្តង់ដារ CLTC។ C10 ដំណើរការនៅលើម៉ូទ័រ 220 kW (295 សេះ) និងបានដឹកជញ្ជូនជាលើកដំបូងនៅថ្ងៃទី 20 ខែឧសភាកន្លងទៅ។
