
ក្រុមហ៊ុន Leapmotor បានធ្វើការបង្ហាញចេញរូបភាពថ្មីរបស់រថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល A01 នៅមុនការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show នៅថ្ងៃទី 21 ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ។ បើតាមរូបភាពបង្ហាញថា រថយន្តដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (BEV) ប្រភេទ SUV ខ្នាតមធ្យមរបស់ Leapmotor មួយនេះ គឺមានបំពាក់នូវសែនស័រ LiDAR នៅលើដំបូលខាងមុខ ដែលជាការបង្ហាញយ៉ាងច្បាស់ថា A01 គឺគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ Advanced driver-assistance system។
ក្នុងរូបភាពដដែលនេះ ក៏បានបង្ហាញថា Leapmotor A01 មានការឌីស្សាញផ្នែកខាងមុខថ្មីជាមួយចង្កៀង LED ចំនួនបីឆ្នូតឌីស្សាញជាទម្រង់ភ្នែក និងមាត់ ជាមួយការឌីស្សាញក្បាលរថយន្តបែប Front-end រាងមូលកោង ដែលជាឌីស្សាញទូទៅនឹងម៉ូដែលរថយន្ត Leapmotor ផ្សេងទៀតដែរ។ Leapmotor A01 ប្រើប្រាស់កញ្ចក់មើលក្រោយឌីស្សាញបែបស្ទាយស្លឹកឈើជាមួយក្តោបពណ៌ខ្មៅ និងមានការឌីស្សាញគ្រោងទ្វារបែប D-Pillar ដែលការឌីស្សាញខាងក្រៅរបស់ A01 មានលក្ខណៈជា Aerodynamic។

ជាមួយគ្នានេះ ផ្នែកខាងមុខ Leapmotor A01 ក៏មានបំពាក់នូវអំពូលកាត់អ័ព្ទ ឬ Fog Lamp ភ្ជាប់ជាមួយនឹងកាង កន្លែងសាកភ្លើងស្ថិតនៅលើថ្ពាល់ខាងមុខនៃទ្វារអ្នកបើក និងដៃទ្វារលាក់ ឬ semi-hidden-door ជាដើម។ ទោះជាយ៉ាងណា Leapmotor មិនបានបង្ហាញព័ត៌មានលម្អិតទាក់ទិននិងរយះចម្ងាយបើកបរ និងអនុភាពកម្លាំងម៉ូទ័រអគ្គិសនីរបស់ A01 នោះទេ ប៉ុន្តែ បើតាមប្រភពរបាយការណ៍ចេញពីប្រទេសចិនបានបង្ហើបថា រថយន្ត Compact SUV ស៊េរីថ្មីនេះ គឺនឹងដំណើរការដោយម៉ូទ័រអគ្គិសនីមួយជាមួយកញ្ចប់អាគុយដែលមានទំហំ 60kWh ដែលនឹងបើកបរបានចម្ងាយផ្លូវប្រមាណជា 700km យោងទៅលើការធ្វើតេស្តពីស្តង់ដារពី CLTC របស់ប្រទេសចិន។

Leapmotor នឹងក្លាយជាដៃគូប្រជែងទីផ្សាររថយន្តប្រភេទ Small Electric SUV ក្នុងប្រទេសចិនដូចជា BYD Atto 2 ឬហៅថា BYD Yuan Up ជាដើម។ យើងរំពឹងថា Leapmotor នឹងបង្ហាញពីគុណសម្បត្តិលម្អិតបន្ថែមទៀតរបស់ A01 នៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show នាសប្តាហ៍ក្រោយ ដូចនេះរងចាំតាមដានព័ត៌មានបន្ថែមទៀតទាំងអស់គ្នា៕
