
ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Compact EV ម៉ូដែល Lafa 5 នៅក្នុងព្រឹត្តិការណ៍ 2025 Munich Motor Show ឬ IAA Mobility 2025 ហើយវាក៏ជាការបង្ហាញវត្តមានលើកដំបូងរបស់ Lafa 5 នៅលើទីផ្សារសកលផងដែរ។
ក្រុមហ៊ុន Leapmotor បានប្រកាសថា នឹងបើកទទួលការកក់មុនសម្រាប់ Lafa 5 នៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ រីឯការចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅត្រីមាសទីបួនឆ្នាំ 2025។ ចំពោះម៉ូដែល Lafa 5 Ultra ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនាំចេញនៅក្នុងឆ្នាំ 2026 ដោយក្រុមហ៊ុន Y-Auto។

ទៅលើការឌីស្សាញរបស់ Lafa 5 គឺមានភាពប្រណិតទាក់ទាញទាំងផ្នែកខាងមុខ និងខាងក្រោយ។ រថយន្ត Compact EV hatchback ស៊េរីថ្មីនេះ ផលិតឡើងដោយប្រើគ្រោងឆ្អឹង LEAP 3.5 modular architecture ដោយមានតួរខ្លួនប្រវែង 4,262mm/ ទទឹង 1,809mm/ កំពស់ 1,552mm។

Lafa 5 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 132kW ឬស្មើរនឹង 177 សេះ ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 56.2kWh ប្រភេទ LFP Battery។ ចំនែកម៉ូដែល High-trim level អាចនឹងបំពាក់នូវម៉ូទ័រដែលមានកម្លាំង 160kW ឬស្មើរនឹង 215 សេះ ជាមួយកញ្ចប់ថ្មទំហំ 67.1kWh។

សូមបញ្ជាក់ថា ចាប់ពីខែមករាឆ្នាំ 2025 មក Leapmotor លក់រថយន្តបានចំនួន 328,859 គ្រឿងសម្រាប់ទីផ្សារប្រទេសចិន។ បច្ចុប្បន្ន Leapmotor មានរថយន្តចំនួន 7 ម៉ូដែលក្នុងដៃ ហើយមានចំនួន 3 ម៉ូដែលកំពុងមានវត្តមាននៅលើទីផ្សារសកលលោក៕
