លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi និងតារាសម្តែងតៃវ៉ាន់ និងជាឯកអគ្គរដ្ឋទូតឆន្ទៈរបស់ម៉ាកយីហោ Xiaomi លោកស្រី Shu Qi បានប្រគល់រថយន្តអគ្គិសនី Crossover ស៊េរីថ្មី Xiaomi YU7 GT ចំនួនប្រាំមួយគ្រឿងដល់អតិតជនដំបូងដែលបានបញ្ជាទិញរថយន្តស៊េរីថ្មីនេះនៅក្នុងប្រទេសចិន ហើយក៏ជាការចាប់ផ្តើមនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុនផងដែរ។ Xiaomi YU7 GT គឺជារថយន្តអគ្គិសនី Crossover ដែលមានកម្លាំងខ្លាំងដល់ 990hp និងតម្លៃចាប់ផ្តើម $57,510 នៅទីផ្សារប្រទេសចិន។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun ជាទូទៅតែងតែបានចូលរួមក្នុងពិធីប្រគល់រថយន្តរបស់ក្រុមហ៊ុន Xiaomi Auto នីមួយៗ មានដូចជាម៉ូដែល SU7 sedan និងរថយន្ត YU7 SUV។ ហើយនៅថ្ងៃទី 29 ខែឧសភា នេះ លោក Lei Jun និងលោកស្រី Shu Qi បានប្រគល់រថយន្ត Xiaomi YU7 GT Crossover ចំនួនប្រាំមួយគ្រឿងដល់ដៃអតិថិជនដំបូងដោយមានការផ្សាយបន្តផ្ទាល់ថែមទៀតផង។ ក្នុងចំណោម YU7 GT ទាំង 6 គ្រឿង គឺមានប្រាំគ្រឿងជាពណ៌ក្រហមថ្មី ឬ Cherry Red ខណៈដែលម៉ូដែលមួយមានពណ៌ខ្មៅ។ លោក Lei Jun និងលោកស្រី Qi Shu បានជជែកជាមួយម្ចាស់រថយន្តម្នាក់ៗ និងបានថតរូបជាក្រុមទុកជាកម្រងអនុស្សាវរីយ៍ថែមទៀតផង។

Xiaomi YU7 GT គឺជាកំពូលរថយន្តអគ្គិសនី Crossover ដ៏មានអនុភាពបំផុតជាមួយនឹងការបំពាក់ម៉ូទ័រអគ្គិសនីដ៏ខ្លាំងចំនួន 2 គ្រាប់អាចបង្កើតកម្លាំងបានខ្លាំងដល់ទៅ 990 សេះ និងដំណើរការបើកបរដោយប្រព័ន្ធ All-wheel-drive អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលត្រឹម 2.92 វិនាទីប៉ុណ្ណោះ ហើយអាចជាន់ល្បឿន Top Speed បានដល់ 300km/h។

អនុភាពប្រព័ន្ធម៉ូទ័រអគ្គិសនីដ៏ខ្លាំងក្លារបស់ YU7 GT ទទួលបានការគាំទ្រពីអនុភាពថាមពលកញ្ចប់ថ្ម ternary NMC ទំហំ 101.7kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយដល់ 705km ក្រោមស្តង់ដារ CLTC។ ជាពិសេស YU7 GT បានគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកម្លាំងខ្លាំងកម្រិត 897V SiC high-voltage system ដែលថ្មត្រឹមតែ 15 នាទី អាចបើកបរបានដល់ចម្ងាយ 570km ឯណោះ។ 

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Xiaomi YU7 GT បានបំពាក់មកជាមួយនូវប្រព័ន្ធហ្វ្រាំងប្រភេទ  carbon-ceramic brake discs ជាមួយដង្កៀបម៉ាក Akebono calipers ដែលមានសមត្ថភាពខ្ពស់អាចបញ្ឈប់រថយន្តពីល្បឿន 100km/h នៅត្រឹម 32.9 ម៉ែត្រតែប៉ុណ្ណោះ។ ជាងនេះទៅទៀត YU7 GT ក៏មានភ្ជាប់នូវប្រព័ន្ធ dual-valve CDC dampers ដែលអាចធ្វើការសេរេបានពីរកម្រិត, ប្រព័ន្ធប៊ូមខ្យល់ dual-chamber air springs ដែលមានសមត្ថភាពគ្រប់គ្រងទៅលើកម្ពស់ និងភាពរឹងបានដោយឯករាជ្យ រួមនឹងប្រព័ន្ធ eLSD (electronic limited-slip differential) អាចធ្វើការបែងចែកថាមពលទៅរវាងកង់ក្រោយទាំងពីរតម្រូវតាមស្ថានភាពបើកបានលឿនរហ័តដោយប្រើពេលត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ៕