
ក្រុមហ៊ុន Lenovo បានធ្វើការប្រកាសចេញលក់កុំព្យូទ័រយួរដៃបំពាក់អេក្រង់ OLED ភ្លោះម៉ូដែល YOGA Book 9i ស៊េរីឆ្នាំ 2024 Edition នៅលើទីផ្សារសកល។ Laptop បំពាក់អេក្រង់ OLED ភ្លោះស៊េរីឆ្នាំ 2024 នេះត្រូវបានក្រុមហ៊ុន Lenovo បាននាំយកទៅធ្វើការប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ CES2024។ Lenovo YOGA Book 9i 2024 បានបំពាក់នូវបន្ទះឈីប Intel-core Ultra Processor និងត្រូវបានក្រុមហ៊ុនចេញលក់នៅពេលនេះក្នុងតម្លៃខ្ទង់ $1,980។
Lenovo YOGA Boom 9i-2024 ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងជាមួយនឹងការប្រើប្រាស់អេក្រង់ OLED ពីរដាច់ពីគ្នា Dual-OLED Display។ ហើយអេក្រង់ OLED ទាំងពីរបន្ទះរបស់ YOGA Book 9i បូកបញ្ចូលគ្នា គឺមានទំហំ 13.3-inch និងគាំទ្រកម្រិតបង្ហាញ 2.8K ជាមួយកម្រិតពន្លឺ 400nits peak brightness ជាមួយកម្រិត aspect ratio 16:10។
ជាមួយបច្ចេកវិទ្យាគន្លឹះត្រចៀកបត់ថ្មី គឺអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អេក្រង់ OLED ទាំងពីរបស់ YOGA Book 9i បានច្រើនរបៀបតាមតម្រូវការ ដូចជាប្រើជាលក្ខណៈកុំព្យូទ័រធម្មតាទូទៅ, បែកចែកអេក្រង់ជាពីរសម្រាប់ធ្វើការងារផ្សេងពីគ្នា ឬក៏ការប្រើប្រាស់ជា Tablet ក៏បាន។ បន្ថែមពីនេះអេក្រង់របស់ Lenovo YOGA Book 9i ក៏គាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌ស្តង់ដារ 100% DCI-P3 ជាមួយនិងការគាំទ្រមាតិកា HDR ថែមទៀតផង។

Laptop អេក្រង់ភ្លោះរបស់ Lenovo មួយនេះមានកម្រាស់ស្តើងត្រឹម 16mm និងទំងន់ស្រាលត្រឹម 1.38 គីឡូក្រាមប៉ុណ្ណោះ។ ជាមួយគ្នានេះ Lenovo YOGA Book 9i មានភ្ជាប់ជាមួយថ្មកំលាំង 80Whr ដែលផ្តល់នូវថាមពលកាន់ប្រើប្រាស់បានរយះពេលយូរ។ សម្រាប់កំលាំងម៉ាស៊ីនវិញ Lenovo YOGA Book 9i បានបំពាក់នូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Intel ស៊េរី Corei7 Ultra Processor ដែលមាន 12-core CPU និង 14-threads ដែលមានល្បឿន Over-clock ស្រាប់ 2.7GHz និងអាច Boost ល្បឿនឡើងដល់ 4.8GHz តម្រូវតាមទំហំនៃកិច្ចការងារ។
ជាមួយគ្នានេះ YOGA Book 9i នៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យារ៉េមប្រភេទ LPDDR5x-7467MHz ទំហំ 16GB ជាមួយថាសរឹងផ្ទុកទិន្នន័យទំហំ 512GB ប្រភេទ M.2 2242 PCIe Gen 4 SSD និងអង្គក្រាហ្វិច Intel Iris Xe graphics។ ហើយ Lenovo ក៏ផ្តល់នូវជម្រើសម៉ូដែលមានរ៉េមទំហំ 32GB LPDDR5x ជាមួយថាសរឹងផ្ទុកទិន្នន័យទំហំ 1TB ផងដែរ។
Lenovo YOGA Book 9i-2024 មានដំឡើងមកជាមួយរន្ធដំណភ្ជាប់ USB-C/Thunderbolt 4 ចំនួន 3, មានភ្ជាប់ជាមួយក្តារចុច Bluetooth keyboard ដែលអាចដាក់គ្របពីលើអេក្រង់ខាងក្រោមបាននៅពេលប្រើជា Laptop Mode ហើយនិងប៊ិច pressure-sensitive pen សម្រាប់ប្រើសរសេរនៅលើអេក្រង់ថែមទៀតផង។

បន្ថែមពីនេះក៏មានប្រព័ន្ធកាមេរ៉ាវ៉ិបខេមទំហំ 5MP FHD គាំទ្រមុខងារ IR, បច្ចេកវិទ្យា Wi-Fi 6E, Bluetooth 5.1 រួមនឹងបច្ចេកវិទ្យា AI Boost ដើម្បីជួយបង្កើនល្បឿនប្រើប្រាស់ និងជួយសន្សំសំចៃថាមពលនៅលើប្រព័ន្ធ E-core CPU នៅពេលដំណើរការការងារស្រាលៗ ដើម្បីសន្សំសំចៃថាមពលរបស់ថ្មផងដែរ។ បច្ចុប្បន្ន Lenovo YOGA Book 9i-2024 គឺមានដាក់លក់នៅលើទីផ្សារសកល ហើយការបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិន អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕
