ស្វែងរកពួកយើង:

Leopard 8 នឹងក្លាយជារថយន្ត Off-Road ដំបូងគេរបស់ BYD ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរឆ្លាតវៃ Huawei Smart Driving Solution

ដោយ

Koun Jab Luffy

10 សីហា 2024 11:25 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះបើតាមប្រភពព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័រ www.huaweicentral.com បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជួរមុខ BYD (Build Your Dreams) នឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន Huawei ដើម្បីប្រើប្រាស់នូវបច្ចេកវិទ្យារថយន្តបើកបរឆ្លាតវៃ Smart Driving Solution សម្រាប់រថយន្ត off-road SUV ជំនាន់ថ្មីម៉ូដែល Leopard 8 ដែលនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ។
នេះមានន័យថា គឺជាលើកដំបូងបំផុតរបស់ BYD ដែលនឹងត្រូវប្រើនូវបច្ចេកវិទ្យារថយន្តឆ្លាតវៃពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនសម្រាប់រថយន្តឆ្លាតវៃ (Smart Car) របស់ខ្លួន។ នាអំឡុងពេលព្រឹត្តិការណ៍ Beijing Auto Show 2024 ក្រុមហ៊ុន BYD បានប្រកាសពីវត្តមាននៃរថយន្តជំនាន់ថ្មីរបស់ខ្លួនដែលត្រៀមបង្ហាញវត្តមាននៅពេលខាងមុខ។
Article image
BYD បាននិយាយថា រថយន្តស៊េរីថ្មីដែលនឹងបង្ហាញវត្តមាននាពេលខាងមុខ គឺមានបីម៉ូដែលជាប្រភេទរថយន្ត off-road និងមួយម៉ូទ័រទៀតជាប្រភេទ Sport car។ ក្រុមហ៊ុនបញ្ជាក់ទៀតថា រថយន្ត off-road ស៊េរីថ្មីទាំងបីម៉ូដែល គឺនឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ចុងក្រោយ Latest Advanced Technological Solution ដែលមានតម្លៃចាប់ពីខ្ទង់ 500,000 យ៉ាន់ ឬប្រហែលជាង 69,000 ដុល្លារអាមេរិកឡើងទៅក្នុងមួយគ្រឿង។
នៅក្នុងរបាយការណ៍ចុងក្រោយនេះ បានបង្ហាញថារថយន្ត off-road ជំនាន់ថ្មី BYD Leopard 8 ទំនងជារថយន្តម៉ូដែលដំបូងគេរបស់ BYD ដែលបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃរបស់ Huawei (Huawei Smart Driving Solution) ដោយ Leopard 8 អាចនឹងបង្ហាញវត្តមាននៅត្រីមាសចុងក្រោយក្នុងឆ្នាំ 2024 នេះ។ BYD Leopard 8 បានចាប់ផ្តើមសម្រាប់ការបើកបរសាកល្បងនៅលើដងវិថីរួចរាល់ហើយ។ រថយន្ត off-road ស៊េរីថ្មីនេះត្រូវបានគេមើលឃើញថា មានបំពាក់នូវប្រព័ន្ធសែនស័រ Huawei LiDAR System។
ហើយម៉ូដែលនេះទំនងជារថយន្តដំបូងគេដែលបំពាក់នូវប្រព័ន្ធបើកបរទំនើប urban Navigation on Autopilot (NOA)។ មុនពេលលេចលឺដំណឹងអំពីការប្រើប្រាស់ប្រព័ន្ធបើកបរឆ្លាតវៃរបស់ Huawei បច្ចុប្បន្ន BYD ត្រូវបានគេដឹងថា បានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យារថយន្តឆ្លាតវៃរបស់ក្រុមហ៊ុនដូចជា Horizon, Momenta, DJI និងក្រុមហ៊ុន Startup ជាច្រើនផ្សេងទៀត។
Article image
ជាមួយគ្នានេះ BYD ត្រូវបានគេដឹងបាននឹងកំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តឆ្លាតវៃផ្ទាល់ខ្លួនផងដែរ ហើយការសហការជាមួយ Huawei អាចនឹងជួយជម្រុញល្បឿនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា Smart Driving Solution របស់ខ្លួនបានកាន់តែប្រសើរផងដែរ។
Leopard គឺជាម៉ាករថយន្តដែលជា Sub-brand របស់ BYD។ ហើយថ្មីៗនេះនៅក្នុងកិច្ចប្រជុំមួយ អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Fangchengbao Division របស់ BYD លោក Xiong Tianbo មានប្រសាសន៍ថា Leopard 8 គឺនឹងធ្វើឲ្យគ្រប់គ្នាទទួលបានបទពិសោធន៍ថ្មីក្នុងការបើកបរជាមួយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃដ៏អស្ចារ្យ។ ដែលនេះលោក Tianbo ចង់ផ្តោតទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា Huawei Smart Driving Solution  តែម្តង៕
Leopard 8 នឹងក្លាយជារថយន្ត Off-Road ដំបូងគេរបស់ BYD ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរឆ្លាតវៃ Huawei Smart Driving Solution