ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួននៅក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ LG G8 ThinQ ហើយស្របពេលវាមានរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូននេះត្រូវទម្លាយនោះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Notch ធម្មតានៅផ្នែកខាងលើនៃអេក្រង់ ហើយក្រុមហ៊ុននេះ ហាក់ដូចជាមានភាពយឺតយ៉ាវនៅក្នុងការផ្លាស់ប្តូរទៅកាន់ Waterdrop Notch ដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារនោះ។

តាមការបញ្ជាក់នៅក្នុងប៉ាតង់ចុងក្រោយបផុតដែលស្នើដោយក្រុមហ៊ុន LG បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងធ្វើការបោះជំហាននៅក្នុងអេក្រង់ Waterdrop Notch ដែលផ្តល់នូវកម្រិតសមាមាត្រនៃអេក្រង់កាន់តែខ្ពស់ជាងមុនបើធៀបទៅនឹងតួខ្លួនរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការរចនានេះគឺមានការដាក់ស្នើដំបូងដោយក្រុមហ៊ុននេះកាលពីខែមេសាឆ្នាំមុននេះ។

នៅក្នុងប៉ាតង់នេះ ពិពរណ៍នាថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ផ្អែកទៅលការរចនានេះ ស្មាតហ្វូននេះគឺស្រដៀងទៅនឹងស្មាតហ្វូន Essential Phone ដែលមាន Notch នៅកណ្តាលរបស់អេក្រង់នេះ។ បើក្រឡេកមើលទៅលើគំនូសព្រាងនេះ ស្មាតហ្វូននេះ មានរន្ធដោតកាសស្តាប់ 3.5mm headphone jack នៅផ្នែកខាងក្រោម ខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានចាប់ផ្តើមបោះបង់ចោលនូវរន្ធដោតកាសស្តាប់នេះ ហើយវាក៏មានរន្ធដោតស៊ីមនៅផ្នែកខាងលើរបស់ស្មាតហ្វូននេះផងដែរ។ ប៊ូតុងបិទបើកទូរស័ព្ទគឺស្ថិតនៅផ្នែកខាងស្តាំខណៈពេលដែលប៊ូតុងឡើងចុះសំឡេងគឺស្ថិតនៅផ្នែកខាងឆ្វេង។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ពន្លឿននៅក្នុងការបញ្ចេញស្មាតហ្វូន LG G8 ThinQ និង LG V50 ThinQ 5G នៅខែក្រោយនេះសម្រាប់ព្រឹត្តិការណ៍ Mobile World Congress 2019 នៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញផងដែរ។ ជាមួយនឹងស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវគេរំពឹងថានឹងបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនម៉ូដែលផងដែរសម្រាប់ព្រឹត្តិការណ៍ MWC 2019 នេះ។ ថ្មីៗនេះ មានការរាយការណ៍ថាស្មាតហ្វូន LG G8 នេះនឹងមានបច្ចេកវិទ្យា “Sound on Display” technology ជាជាងការប្រើប្រាស់នូវ Speaker ធម្មតា ហើយសំឡេងរបស់អេក្រង់នេះគឺពិរោះតែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះរួចមកហើយនៅលើទូរទស្សន៍ឆ្លាតវៃ Crystal Sound OLED TVs របស់ខ្លួននោះ។ បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ Notch ប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយដែលបែកធ្លាយនៅលើអនឡាញកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែប្រធានផ្នែកទំនាក់ទំនងសកលក៏ធ្វើការបដិសេធទៅលើរូបភាព Renders នេះផងដែរ៕
