ស្វែងរកពួកយើង:

LG ប្រកាសពីប្រាក់ចំណូលអាជីវកម្មស្មាតហ្វូនរបស់ខ្លួនសម្រាប់ត្រីមាសទី 1 នេះ ស្របពេលដែលខ្លួនត្រៀមបិទអាជីវកម្មមួយនេះទាំងស្រុងឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

30 មេសា 2021 07:35 យប់

អាន 2 នាទី

Article image
យើងដឹងហើយថា ក្រុមហ៊ុន LG បានប្រកាសបិទអាជីវកម្មផ្នែកទូរស័ព្ទស្មាតហ្វូនរបស់ខ្លួននៅទូទាំងពិភពលោកកាលពីថ្ងៃទី 05 ខែមេសានេះ ដោយ សារតែមិនអាចរ៉ាប់រងរួចជុំវិញប្រាក់ចំណូលពីអាជីវកម្មមួយនេះ បានបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះយ៉ាងណា ក្រុមហ៊ុន LG ក៏បានបញ្ចេញរបាយការណ៍ប្រាក់ចំណូលលក់ប្រចាំត្រីមាសទីមួយរបស់ខ្លួនគិតចាប់ពីខែមករា ដល់ខែ មិនា ឆ្នាំ 2021។ ក្នុងរបាយាការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដំបូងក្នុងឆ្នាំ 2021 ក្រុមហ៊ុន LG បានរកប្រាក់ចំណូលបានសរុបចំនួន 18.8 ពាន់ពាន់លានកូរ៉េវ៉ុន ឬប្រហែលជាង 16.93 ពាន់ពាន់លានដុល្លារអាមេរិក។
ប្រាក់ចំណូលទទួលបានខ្ពស់ជាងគេគឺបានពីអាជីវកម្មគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះ (Home Entertainment Division) ហើយទីផ្សារដែលនាំមុខគេសម្រាប់អាជីវកម្មមួយនេះគឺទីផ្សារអាមេរិកខាងជើង និងទីផ្សារទ្វីបអឺរ៉ុប ហើយសម្រាប់ផលិតផលដែលទាញបានប្រាក់ចំណូលច្រើនជាងគេគឺទូរទស្សន៍ឆ្លាតវៃម៉ូដែល OLED និង NanoCell TVs។ ជាងនេះទៅទៀតសម្រាប់អាជីវកម្មគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះរបស់ LG ត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងនៅត្រីមាសក្រោយៗទៀត។
Article image
និយាយពីប្រាក់ចំណូលពីអាជីវកម្មផ្នែកទូរស័ព្ទចល័តវិញ ឃើញថាមិនមានការប្រែប្រួលអ្វីឡើយនៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ ដោយទទួលប្រាក់ចំណូលពីការលក់បាន 998.7 ពាន់លានកូរ៉េវ៉ុន ឬប្រហែល 901 លានដុល្លារអាមេរិក ដោយប្រាក់ចំណូលនេះគឺប្រហាក់ប្រហែលគ្នានឹងត្រីមាសទី 1 ក្នុងឆ្នាំ 2020 ដែរ។ ទោះជាយ៉ាងណាប្រាក់ចំណូលទទួលបានពីអាជីវកម្មផ្នែកទូរស័ព្ទចល័តរបស់ LG អាចនឹងកើនឡើងខ្ពស់ជាងនេះ ប្រសិនបើក្រុមហ៊ុននេះមានទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗដើម្បីចេញលក់។
Article image
សរុបមក ក្រុមហ៊ុន LG នឹងបិទបញ្ចប់ការចរាចរលក់សម្រាប់អាជីវកម្មផ្នែកទូរស័ព្ទចល័ត (Mobile Communication Division) របស់ខ្លួនជាផ្លូវការណ៍នៅត្រឹមខែកក្តដា ឆ្នាំ 2021 ខាងមុខនេះ ដូច្នេះ សម្រាប់របាយការណ៍ប្រាក់ចំណូលពីអាជីវកម្មផ្នែកទូរស័ព្ទចល័តរបស់ LG សម្រាប់ត្រីមាសទី 2 ឆ្នាំនេះ គឺអាចនឹងលែងមាននៅក្នុងតារាងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទៀតនោះទេ៕
LG ប្រកាសពីប្រាក់ចំណូលអាជីវកម្មស្មាតហ្វូនរបស់ខ្លួនសម្រាប់ត្រីមាសទី 1 នេះ ស្របពេលដែលខ្លួនត្រៀមបិទអាជីវកម្មមួយនេះទាំងស្រុងឆាប់ៗនេះហើយ