ស្វែងរកពួកយើង:

LG បង្ហាញចេញបច្ចេកវិទ្យាអេក្រង់ Stretchable Display ដែលអាចពង្រីកទំហំពី 12-អ៊ីងទៅ 18-អ៊ីង

ដោយ

Koun Jab Luffy

14 វិច្ឆិកា 2024 01:55 រសៀល

អាន 2 នាទី

Article image
បច្ចុប្បន្នបច្ចេកវិទ្យាអេក្រង់បត់ បាននឹងកំពុងឈានមុខក្នុងឧស្សាហកម្មផលិតគ្រឿងអេឡិចត្រនិចជាពិសេស គឺស្មាតហ្វូនតែម្តង។ ប៉ុន្តែ ក្រៅពីបច្ចេកវិទ្យាអេក្រង់បត់ទៅ កន្លងមកយើងឃើញមាននៅបច្ចេកវិទ្យាអេក្រង់រមូល (rollable display) និងអេក្រង់ពង្រីកខ្លួន (Stretchable display)។ ហើយក្រុមហ៊ុនដែលមានជំនាញ និងឈានមុខគេនៅក្នុងការអភិវឌ្ឍន៍ផលិតបច្ចេកវិទ្យាអេក្រង់ទាំងនេះ គឺជាក្រុមហ៊ុន LG Display និង Samsung Display។
ហើយនៅពេលនេះ LG បានធ្វើការបង្ហាញចេញបច្ចេកវិទ្យាអេក្រង់ Stretchable display ដែលមានសមត្ថភាពអាចធ្វើការពង្រីកទំហំអេក្រង់ពី 12-inch ទៅ 18-inch ដោយមិនធ្វើឲ្យខូច ឬកាត់ផ្តាច់ដំណើរការឡើយ។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ គឺត្រូវបានធ្វើការកែប្រែបន្ថែមពីបច្ចេកវិទ្យាអេក្រង់ Stretchable display ដែល LG បានធ្វើការបង្ហាញកាលពីអំឡុងឆ្នាំ 2022 ដែលកាលនោះអាចធ្វើការពង្រីកពី 12-inch ឡើងទៅទំហំ 18-inch ប៉ុណ្ណោះ។ ដែលនេះ គឺមានន័យថា LG បានធ្វើការបង្កើននូវប្រព័ន្ធ Stretch factor របស់អេក្រង់បានល្អប្រសើរជាងមុនប្រមាណ 120% និងគុណភាពនៃការពង្រីកអេក្រង់បានល្អជាងមុនដល់ 150%។
Article image
តាមការបញ្ជាក់ពី LG បច្ចេកវិទ្យាអេក្រង់ Stretchable Display ថ្មីនេះ គឺមានទំហំធម្មតាត្រឹម 12-inch ជាមួយកម្រិតស្តង់ដារភិចសែល 100ppi និងគាំទ្រនូវបច្ចេកវិទ្យាពណ៌ RGB ពេញលិញ។ សម្រាប់កម្រិតនៃគ្រាប់ភិចសែលអេក្រង់នេះត្រូវបានប្រើនូវបច្ចេកវិទ្យា micro-LEDs ដែលមានកម្រិតភាពតូចជា 40 មីក្រូម៉ែត្រ។ ហើយអេក្រង់នេះ គឺមានភាពធន់ខ្លាំងក្នុងការលាតពង្រីក (Stretched) ដល់ទៅ 10,000 ដងឯណោះ។
Article image
LG Display បាននិយាយថា បច្ចេកវិទ្យាអេក្រង់ថ្មីនេះអាចឲ្យយើងអាចធ្វើការស្វែងរកកម្មវិធីផ្សេងៗបានងាយស្រួល ហើយក៏មានគុណសម្បត្តិល្អជាងអេក្រង់បត់នៅលើស្មាតហ្វូនបច្ចុប្បន្នផងដែរ ដោយសារតែវាជាអេក្រង់លាតមិនមានផ្នត់អេក្រង់ដូចអេក្រង់បត់នោះទេ។ សម្រាប់បច្ចេកវិទ្យាអេក្រង់ Stretchable display នេះ នឹងប្រើប្រាស់សំខាន់នៅក្នុងឧស្សាហកម្មរថយន្តជាងជាងការប្រើប្រាស់នៅលើស្មាតហ្វូន ដោយសារតែវីដេអូបង្ហាញពីគំរូនៃការប្រើប្រាស់នៅលើរថយន្តតែម្តង៕
LG បង្ហាញចេញបច្ចេកវិទ្យាអេក្រង់ Stretchable Display ដែលអាចពង្រីកទំហំពី 12-អ៊ីងទៅ 18-អ៊ីង