
តាមការចុះផ្សាយនៅលើវិបសាយ carnewschina នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Li Auto បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងប្រកាសចេញនូវរថយន្តថ្មីមួយទៀតដែលស្ថិតនៅក្នុងត្រកូល i6 ថែមទៀតហើយ ដោយនេះគឺជាម៉ូដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដែលក្រុមហ៊ុនធ្វើការឌីស្សាញឡើងសម្រាប់
គ្រួសារថ្មីៗថ្មោង។ បើតាមរូបភាពដែលគេឃើញបើកតេស្តសាកល្បងនោះ បញ្ជាក់ថា ម៉ូដែលនេះ គឺមានរូបរាងស្រដៀងគ្នាជាមួយនិង i8 SUV អញ្ចឹង ដោយមានទម្រង់បែប MPV ដោយមានការផ្តោតទៅលើការឌីស្សាញផ្នែកខាងក្នុងកាន់តែទូលាយ។ ប្រភពខាងលើនេះបន្តថា i6 អាចនឹងមានវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ។
សម្រាប់ម៉ូដែល i6 នេះ គឺនឹងក្លាយជាឡានអគ្គិសនីទ្វាប្រាំដំបូងគេរបស់ Li Auto និងជាឡានអគ្គិសនីសុទ្ធម៉ូដែលទីពីររបស់ក្រុមហ៊ុននេះផងដែរ។ ឡាននេះមានប្រវែង 4.8 ម៉ែត្រ និងមានគម្លាតកង់មុខក្រោយប្រវែង 2.96 ម៉ែត្រ។ តាមរយៈរូបភាពខាងក្នុងវិញគឺមានភាពទូទលាយជាងមុនដោយអ្នកអង្គុយកៅអីជួរទីពីរមានចន្លោះជាង 1 ម៉ែត្រឯណោះ ងាយស្រួលដាក់ជើង។

ចំពោះកម្លាំងវិញ នៅលើឡានអគ្គិសនីនេះ គឺមានការប្រើប្រាស់ម៉ូទ័រ 2 វិលកង់ទាំង 4 ដូចគ្នាជាមួយ i8 អញ្ចឹងដែរ។ ឡាននេះ មានកម្លាំង 400kW អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 5 វិនាទីប៉ុណ្ណោះ។ i6 នឹងប្រើប្រាស់អាគុយរបស់ CATL ឬ Sunwoda អាចរត់តាមស្តង់ដារ CLTC ចម្ងាយចាប់ពី 600km ទៅ 700km។ សម្រាប់ការសាកថ្មវិញ គឺមានការទ្រទ្រង់ឆ្នាំងសាក 800V high-voltage platform និង 5C fast charging ដែលសាកត្រឹម 10 នាទីអាចរត់បានចម្ងាយដល់ទៅ 500km។

និយាយពីការបើកបរវិញ នៅលើរថយន្តនេះ មានជំនួយការបើកបរ គ្រប់ម៉ូដែលទាំងអស់ ក្នុងនោងក៏មានសិនស័រ Hesai ATL lidar នៅលើដំបូលខាងមុខ និងប្រព័ន្ធ NOA ដែលគាំទ្រដោយឈីប Nvidia Thor-X ផងដែរ។ សម្រាប់ការរត់លើផ្លូវក្នុងទីក្រុង និងផ្លូវ highway ក៏នឹងមានការទ្រទ្រង់នូវជំនួយការបើកបរដូចគ្នា។ រថយន្តអគ្គិសនីថ្មីអាចនឹងមានការប្រកាសចេញនៅខែកក្កដា ជាមួយតម្លៃប្រហែល 250,000 យ៉ន់ ដែលស្មើរនឹង 34,500 ដុល្លារ។ i6 នឹងក្លាយជាគូរប្រជែងរបស់ Tesla Model Y, Zeekr 7x រួមនិង Xiaomi YU7 ជាដើម។
